(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ទីក្រុងប៉េកាំងបាននិយាយថា ការអះអាងណាមួយដែលថា ការចរចាពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយអាមេរិក គឺជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពខ្ពស់ នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីទម្លាក់មកវិញនូវការដំឡើងពន្ធគយដ៏ខ្ពស់ ដែលរូបលោកបានដាក់ទៅលើចិន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក​ ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គាមពន្ធនេះ ដែលលោក ត្រាំ អះអាងថា ជាការសងសឹកចំពោះជញ្ជីងពាណិជ្ជកម្មដែលមិនស្មើភាព និងដើម្បីស្តារអានុភាពឧស្សាហកម្មផលិតរបស់​សហរដ្ឋអាមេរិកឡើងវិញ បានបង្កភាពរំជើបរំជួលជាខ្លាំង ចំពោះទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយបង្កើនភាពភ័យព្រួយអំពី​ឱនភាពសេដ្ឋកិច្ចជាសកល។

នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំង បានចេញមុខច្រានចោល ការអះអាងរបស់លោក ត្រាំ ដែលថាការចរចាពាណិជ្ជកម្មរវាង​អាមេរិកនិងចិន កំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយដូច្នេះថា «ក្នុងនាមជាស្ថាប័នប្រកបដោយសមត្ថភាព សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេស ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា នាពេលនេះ គឺពុំទាន់មានកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មណាមួយ រវាងចិននិងអាមេរិកឡើយ។ ការអះអាងណាមួយអំពីវឌ្ឍនភាព នៃការចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក គឺជាការអះអាងពុំមានមូលដ្ឋាន និងគ្មានការពិត»

អ្នកនាំពាក្យខាងលើ បានបន្ថែមថា «ចិនបន្តទទូចឱ្យសហរដ្ឋអាមេរិក កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន និងបង្ហាញភាពប្រាកដប្រជា ដែលចាំបាច់សម្រាប់កិច្ចចរចា ហើយវិលត្រឡប់មករកគន្លងផ្លូវត្រឹមត្រូវវិញ នៃការសន្ទនានិងពិគ្រោះយោបល់ ដែលឈរនៅលើ​ភាពស្មើគ្នា»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក នឹងសម្រេចបាន កិច្ចព្រមព្រៀងស្មើភាពមួយជាមួយចិន ហើយនៅពេលត្រូវបានសាកសួរថា តើទីក្រុងវ៉ាស៉ីនតោន កំពុងនិយាយជាមួយទីក្រុងប៉េកាំង ឬយ៉ាងណា លោក ត្រាំ បានឆ្លើយថា អ្វីៗកំពុងតែមានសកម្មភាព។ ម៉្យាងវិញទៀត ពេលត្រូវបានសួរថា តើមានការទាក់ទងគ្នាផ្ទាល់​រវាងអាមេរិកនិងចិន ស្តីពីបញ្ហាពាណិជ្ជកម្មដែរឬទេ លោក ត្រាំ បានឆ្លើយថា មានជារៀងរាល់ថ្ងៃ៕