(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការរិះគន់ដោយផ្ទាល់ និងកម្រមួយទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ីទៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ដោយលោក ត្រាំ បានសរសេរថា «វ្ល៉ាឌីមៀ ឈប់!» (Vladimir, stop!)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា «ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើកៀវទេ។ វាជា​ទង្វើ​ដែល​មិន​ចាំបាច់ ហើយ​កើតឡើង​នៅពេល​មិន​សមរម្យ​បំផុត»។ នេះគឺជាការស្តីបន្ទោសដ៏កម្រមួយពីលោក ត្រាំ ទៅលើលោក ពូទីន។

ការរិះគន់លើលោក ពូទីននេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះការបញ្ជាក់ពីជំហរមិនទទួលស្គាល់ការកាន់កាប់តំបន់គ្រីមៀដោយរុស្ស៊ី។ លោក ត្រាំ បានហៅសេចក្តីថ្លែងការណ៍របស់ លោក Zelenskyy ថា «គ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាសន្តិភាព» ហើយអះអាងថា គ្រីមៀត្រូវបានបាត់បង់ជាច្រើនឆ្នាំមកហើយ និង «មិនមែនជាចំណុចនៃការពិភាក្សាទេ» បន្ទាប់ពីជំនួបដែលមិនសូវរលូនរវាងមេដឹកនាំទាំងពីរ កាលពីខែមីនា។

នៅពេលត្រូវបានសួរអំពីការវាយប្រហារនៅក្រុងកៀវ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីកំពុងបន្តវាយប្រហារ «គោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធយោធា»។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរវោហាសាស្ត្ររបស់លោក ត្រាំ ដោយរិះគន់ទាំងលោក Zelenskyy និងលោក ពូទីន ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា កំពុងបន្ថែមភាពមិនច្បាស់លាស់ដល់កិច្ចខិតខំប្រឹងប្រែងការទូតដ៏ស្មុគស្មាញ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕