(កៀវ)៖ ក្នុងបទសម្ភាសមួយចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៥ ខែមេសា អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថា អ៊ុយក្រែនប្រហែលជាត្រូវលះបង់ទឹកដី ទើបអាចមានសន្តិភាពជាមួយរុស្ស៉ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកអភិបាលបាននិយាយដូច្នេះថា «សេណារីយ៉ូមួយដែលអាចទៅរួច គឺលះបង់ទឹកដី។ វាមិនមានយុត្តិធម៌។ ប៉ុន្តែដើម្បីសន្តិភាព, ដើម្បីសន្តិភាពបណ្តោះអាសន្នមួយ ប្រហែលវាអាចជាដំណោះស្រាយមួយ... ជាបណ្តោះអាសន្ន»។ ការលើកឡើងបែបនេះរបស់លោក Klitschko គឺបន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំដោយមីស៉ីលនិងដ្រូនរបស់រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១២នាក់ និងបង្កឱ្យរបួសជាង៨០នាក់ផ្សេងទៀត នៅទីក្រុងរបស់លោក។
លោក Klitschko បានប្រាប់ BBC ថា រូបលោកជាអ្នកទទួលខុសត្រូវសម្រាប់រដ្ឋធានីអ៊ុយក្រែន ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រហែលជាត្រូវទទួលយក «ដំណោះស្រាយដ៏ឈឺចាប់» មួយ ដើម្បីអាចសម្រេចបានសន្តិភាព។ ទោះជាបែបនេះក៏ដោយ លោក Klitschko បានបន្ថែមថា ប្រជាជនអ៊ុយក្រែននឹងគ្មានថ្ងៃយល់ព្រមរស់នៅ ក្រោមការត្រួតត្រារបស់រុស្ស៉ីនោះឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមដាក់សម្ពាធលើអ៊ុយក្រែននិងរុស្ស៉ី ដើម្បីឱ្យភាគីទាំងពីរយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយ ហើយបើតាមសេចក្តីរាយការណ៍ថ្មីៗនេះ ការធ្វើសម្បទានទឹកដី រួមមានទាំងការទទួលស្គាល់របស់សហរដ្ឋអាមេរិក ចំពោះការគ្រប់គ្រងរបស់រុស្ស៉ីលើតំបន់ឧបទ្វីបគ្រីមៀ ដែលរុស្ស៉ីកាត់យកពីអ៊ុយក្រែនដោយខុសច្បាប់កាលពីឆ្នាំ ២០១៤ គឺជាផ្នែកមួយនៃសំណើរបស់លោក។ រុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២ ហើយបច្ចុប្បន្នកំពុងត្រួតត្រាលើទឹកដីប្រហែល២០ភាគរយ របស់អ៊ុយក្រែន៕