(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទូរសព្ទមកលោក ហើយថារដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយចិនដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងពន្ធគយក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី TIME និងត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះជាយ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់លម្អិតអំពីពេលវេលា ឬខ្លឹមសារនៃការសន្ទនាតាមទូរសព្ទជាមួយលោក ស៊ី នោះទេ ដោយគ្រាន់តែប្រាប់ទស្សនាវដ្ដី TIME ថា «លោក ស៊ី បានទូរសព្ទមក ហើយខ្ញុំមិនគិតថានោះជាសញ្ញានៃភាពទន់ខ្សោយទេ»។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងរបស់អាមេរិកលើពន្ធគយនឹងត្រូវសម្រេចបានក្នុងពេលប្រហែល ៣ ទៅ ៤ សប្ដាហ៍ទៀត។ គួរកត់សម្គាល់ថា មុនពេលការអត្ថាធិប្បាយនេះត្រូវបានចេញផ្សាយ ទីក្រុងប៉េកាំងបានជំទាស់នឹងការពណ៌នារបស់អាមេរិក អំពីកិច្ចពិភាក្សាទ្វេភាគីរួចទៅហើយ។
នៅក្នុងបទសម្ភាសន៍ដដែល លោក ត្រាំ ក៏បានរៀបរាប់ពីផែនការធ្វើកិច្ចព្រមព្រៀងលើបញ្ហាពិភពលោកផ្សេងទៀត។ ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន លោកបានអះអាងថា «គ្រីមៀនឹងនៅជាមួយរុស្ស៊ី។ ហើយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy យល់ពីរឿងនេះ ហើយគ្រប់គ្នាក៏យល់ថា តំបន់នេះនៅជាមួយរុស្ស៊ីយូរមកហើយដែរ»។
លោកក៏បានព្យាករណ៍ដែរថា អារ៉ាប៊ីសាអូឌីតនឹងចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords ដែលជាកិច្ចព្រមព្រៀងធ្វើឲ្យទំនាក់ទំនងមានភាពប្រក្រតីរវាងអ៊ីស្រាអែល និងប្រទេសឈូងសមុទ្រមួយចំនួន ដែលរដ្ឋបាលលោកសម្របសម្រួលក្នុងអាណត្តិទីមួយ។ លោក ត្រាំ ក៏បានបន្ថែមថា លោកជឿជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ផងដែរ។
គួរបញ្ជាក់ថា ការអះអាង និងការព្យាករណ៍របស់លោក ត្រាំ នៅក្នុងបទសម្ភាសន៍នេះ អាចនឹងមានឥទ្ធិពលលើកិច្ចចរចាការទូតដែលកំពុងបន្តលើបញ្ហាពាណិជ្ជកម្ម និងជម្លោះប្រដាប់អាវុធធំៗរបស់ពិភពលោក៕