(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបើកចំហរក្នុងការជួបជាមួយមេដឹកនាំកំពូល ឬប្រធានាធិបតីអ៊ីរ៉ង់ ខណៈដែលប្រទេសទាំងពីរកំពុងចាប់ផ្តើមកិច្ចពិភាក្សាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី TIME និងត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានប្រាប់ទស្សនាវដ្តី TIME ថា «ខ្ញុំគិតថាយើងនឹងធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន ដើម្បីរៀបចំក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមន្ត្រីអាមេរិកបានពណ៌នាថា ទទួលបាន «វឌ្ឍនភាពល្អណាស់»។
ទោះជាយ៉ាងណា លោក ត្រាំ ដែលបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ក្នុងឆ្នាំ ២០១៨ ក៏បានព្រមានម្តងទៀតអំពីលទ្ធភាពនៃសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងថ្មីមួយមិនត្រូវបានសម្រេចយ៉ាងឆាប់រហ័ស ដើម្បីរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលជាការចោទប្រកាន់អ៊ីរ៉ង់តែងតែបានបដិសេធ។
នៅពេលត្រូវបានសួរថា តើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ដែរឬទេ ប្រសិនបើអ៊ីស្រាអែលចាប់ផ្តើមសង្គ្រាម លោក ត្រាំ បានបញ្ជាក់ថា ប្រសិនបើមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ លោកអាចនឹង «ចូលរួមដោយស្ម័គ្រចិត្ត» ហើយនឹង «ជាអ្នកដឹកនាំគេ» ក្នុងសកម្មភាពនោះ។
គួរបញ្ជាក់ថា ការបង្ហាញជំហរចង់ជួបមេដឹកនាំអ៊ីរ៉ង់ ស្របពេលជាមួយការគំរាមកំហែងផ្នែកយោធា បានបង្ហាញពីយុទ្ធសាស្ត្រចម្រុះរបស់រដ្ឋបាលលោក ត្រាំ ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ដ៏ស្មុគស្មាញនេះ៕