(ញូវដែលី)៖ ការវាយប្រហារដ៏សាហាវព្រៃផ្សៃមួយលើក្រុមភ្ញៀវទេសចរ នៅក្នុងតំបន់កាស្មៀរ (Kashmir) ប៉ែកគ្រប់គ្រងដោយឥណ្ឌា បាន និងកំពុងរុញច្រានសាជាថ្មីឱ្យឥណ្ឌា និងប៉ាគីស្ថាន ទៅកាន់មាត់ជ្រោះនៃសង្រ្គាម ខណៈភាគីទាំងសងខាងបានបន្ថយទំនាក់ទំនងការទូត និងពាណិជ្ជកម្ម បិទព្រំដែនគោកសំខាន់ៗ និងលុបចោលការចេញទិដ្ឋការឱ្យគ្នាទៅវិញទៅមក។ ឥណ្ឌាបានចោទប្រកាន់ដោយមិនបានបង្ហាញភស្តុតាងថាប៉ាគីស្ថាន ជាអ្នកគាំទ្រនៅពីក្រោយក្រុមឧទ្ទាមមួយដែលហៅខ្លួនឯងថាចលនាតស៊ូកាស្មៀរ (Kashmir Resistance) ដែលបានចេញមុខទទួលខុសត្រូវលើការវាយប្រហារ។ ប៉ាគីស្ថានវិញបានច្រានចោលការចោទរបស់ឥណ្ឌាដែល ថាទីក្រុងអ៉ីស្លាម៉ាបាដជាអ្នកនៅពីក្រោយការវាយប្រហារកាលពីថ្ងៃអង្គារ ទី២២ ខែមេសា សម្លាប់មនុស្សយ៉ាងហោច ២៦នាក់ ភាគច្រើនលើសលុបជាភ្ញៀវទេសចរឥណ្ឌា។ កាលពីអតីតកាល ឥណ្ឌា និងប៉ាគីស្ថាន ធ្លាប់បាន ធ្វើសង្រ្គាមនឹងគ្នាដែរជុំវិញតំបន់កាស្មៀរ។ តើស្ថានការណ៍តានតឹងសព្វថ្ងៃអាចនឹងផ្ទុះទៅជាសង្រ្គាមរវាងប្រទេសទាំង២ឬក៏យ៉ាងណា? ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ គួរដឹងពីការកើនឡើងភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន៖
* អ្វីទៅជាចំណុចស្នូលនៃជម្លោះ?
ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានរួមរឹតដោយជម្លោះ ការទូតផាំងទៅផំាងមក និងការសង្ស័យគ្នាទៅវិញទៅមក ហើយមានភាគធំគឺដោយសារតែជម្លោះជុំវិញការទាមទារអធិបតេយ្យលើតំបន់កាស្មៀរ។ ក្រុមប្រដាប់អាវុធ នៅក្នុងតំបន់កាស្មៀរ បានតស៊ូប្រយុទ្ធប្រឆាំងនឹងរដ្ឋអំណាចញូវដែលីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈប្រជាជនកាស្មៀរជាមូស្លីមភាគច្រើនគាំទ្រដល់គោលបំណងរបស់ក្រុមឧទ្ទាមដែលចង់បង្រួបបង្រួម ដែនដីកាស្មៀរឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន ឬក៏ក្លាយទៅជាប្រទេសឯករាជ្យមួយតែម្ដង។ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកដុតបញ្ឆេះអំពើហិង្សា តែទីក្រុងអ៉ីស្លាម៉ាបាដាបានបដិសេធ។ ជនស៊ីវិល ក្រុមឧទ្ទាម និងកងកម្លាំងរាប់ពាន់នាក់បានស្លាប់នៅក្នុងជម្លោះដ៏រ៉ុំារ៉ៃនៅកាស្មៀរ។
* តើប៉ាគីស្ថានតបតដូចម្ដេចទៅនឹងការសងសឹករបស់ឥណ្ឌា?
កាលពីថ្ងៃអង្គារ ទី២២ ខែមេសា ខ្មាន់កាំភ្លើងបានបាញ់រះទាំងកម្រោលលើក្រុមភ្ញៀវទេសចរដោយសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើនលើសលុបជាភ្ញៀវទេសចរឥណ្ឌា ក្នុងការវាយប្រហារនៅក្បែរទីក្រុង Pahalgam។ ភ្លាមៗ ក្រោយការវាយប្រហារនេះ ទីក្រុងញូវដែលីបានចោទប្រកាន់ថាប៉ាគីស្ថានមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ។ តែមិនបានបង្ហាញភស្តុតាងអ្វីនោះទេ ហើយថែមទាំងបានប្រកាសដាក់ចេញវិធានការជាបន្តបន្ទាប់ ក្នុងនោះរួមមានការបន្ថយទំនាក់ទំនងការទូត ការផ្អាកសន្ធិសញ្ញាដ៏សំខាន់ស្ដីពីការបែងចែកការប្រើប្រាស់ទឹក និងលុបចោលការចេញទិដ្ឋាការឱ្យពលរដ្ឋប៉ាគីស្ថានទាំងអស់។ ឥណ្ឌាក៏បានបញ្ជាក់ដែរថានឹងកាត់បន្ថយ បុគ្គលិកទូតរបស់ខ្លួនប្រចាំប៉ាគីស្ថាន ហើយនឹងកាត់បន្ថយចំនួនបុគ្គលិកទូតរបស់ប៉ាគីស្ថាននៅក្នុងទីក្រុងញូវដែលីពី៥៥នាក់ មកនៅត្រឹម ៣០នាក់ ចាប់ពីថ្ងៃទី១ ខែឧសភា តទៅ។ ប៉ាគីស្ថានបានចាត់ទុកចំណាត់ការរបស់ ឥណ្ឌាជាទង្វើគ្មានទំនួលខុសត្រូវ និងបានលុបចោលទិដ្ឋាការសម្រាប់ពលរដ្ឋឥណ្ឌា ផ្អាករាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌា ក្នុងនោះរួមមានទាំងការធ្វើពាណិជ្ជកម្មតាមរយៈប្រទេសទី៣ ព្រមទាំងបិទដែនអាកាស ចំពោះយន្ដហោះឥណ្ឌាទៀតផង។
* ប៉ាគីស្ថានព្រមានថាជម្លោះអំពីការប្រើប្រាស់ទឹកន្លេ អាចនឹងឈានទៅដល់សង្រ្គាម
ការសម្រេចចិត្តរបស់ឥណ្ឌា ក្នុងការផ្អាកសន្ធិសញ្ញាទឹកន្លេ អាចនឹងក្លាយជាចំណុចរបត់ដ៏ក្ដៅមួយថាតើប្រទេសជាប់ភូមិផងរបងជាមួយគ្នាទាំង២នេះអាចគ្រប់គ្រងការចែករំលែកធនធាទឹករវាងគ្នាយ៉ាងដូចម្ដេច? ប៉ាគីស្ថាន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ថារាល់ការប៉ុនប៉ងណាមួយដើម្បីបញ្ឈប់ ឬបង្វែរលំហូរទឹករវាងប្រទេសទាំង២នឹងត្រូវបានចាត់ទុកថាជា «សកម្មភាពសង្រ្គាម»។ សន្ធិសញ្ញាទឹក ឬគេស្គាល់ថា The Indus Water Treaty ត្រូវបានសម្របសម្រួលឡើងដោយធនាគារពិភពលោក ក្នុងឆ្នាំ១៩៦០ ដោយអនុញ្ញាតសម្រាប់ការចែករំលែកគ្នាប្រើប្រាស់ទឹកនៃប្រព័ន្ធទឹកទន្លេមួយដែលត្រូវបានចាត់ទុកថាជាអាយុជីវិតសម្រាប់ប្រជាជន នៃប្រទេសទាំង២។ សន្ធិសញ្ញានេះបានឆ្លងផុតសង្រ្គាមចំនួន២លើករួចមកហើយរវាងឥណ្ឌា និងប៉ាគីស្ថានក្នុងឆ្នាំ១៩៦៥ និងឆ្នាំ១៩៧១ ព្រមទាំងជម្លោះព្រំដែនដ៏ធំមួយក្នុងឆ្នាំ១៩៩៩។ សន្ធិសញ្ញានេះគ្រប់គ្រងលើ ការចែករំលែកការផ្គត់ផ្គង់ទឹកពីប្រព័ន្ធទឹកទន្លេ Indus River និងដៃទន្លេរបស់វា។ នៅក្រោមសន្ធិសញ្ញានេះ ឥណ្ឌាគ្រប់គ្រងលើទន្លេ Ravi, Sutlej និងទន្លេ Beas នៃប៉ែកខាងកើត រីឯប៉ាគីស្ថានគ្រប់គ្រងលើប៉ែកខាងលិច រួមមានទន្លេ Jhelum, Chenab និង Indus ដែលហូរកាត់តំបន់កាស្មៀរ។ តាមភាគីប៉ាគីស្ថាន សន្ធិសញ្ញាខាងលើបានកំណត់ថាមិនឱ្យមានការផ្អាកណាមួយដោយឯកតោភាគីនោះទេ។ ប៉ាគីស្ថានបានចាត់ទុកថាសន្ធិសញ្ញា Indus Water Treaty ជាផលប្រយោជន៍ជាតិដ៏សំខាន់។ ជាពិសេសសម្រាប់វិស័យកសិកម្ម និងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសដែលមានប្រជាជន ២៤០លាននាក់។ ដូច្នេះការផ្អាកណាមួយអាចនឹងធ្វើឱ្យមានការខ្វះខាតទឹក ប្រើប្រាស់ ក្នុងពេលមួយដែលផ្នែកជាច្រើនរបស់ប៉ាគីស្ថានបានប្រឈមមុខនឹងគ្រោះរាំងស្ងួត និងការថយចុះកម្រិតទឹកភ្លៀងរួចស្រេចទៅហើយ។ ព្រមពេលជាមួយគ្នា ប៉ាគីស្ថានបានព្រមានថាខ្លួនអាចនឹងផ្អាកកិច្ចព្រមព្រៀង Simla Agreement ដែលជាកិច្ចព្រមព្រៀងសន្តិភាពមួយដ៏សំខាន់ត្រូវបានចុះហត្ថលេខា បន្ទាប់ពីសង្រ្គាមឥណ្ឌា-ប៉ាគីស្ថានឆ្នាំ១៩៧១ ដែលបិទបញ្ចប់ទៅដោយបង់ក្លាដែសត្រូវបានផ្ដាច់ចេញពីប៉ាគីស្ថាន។ នៅក្រោម កិច្ចព្រមព្រៀងនេះ ឥណ្ឌា និងប៉ាគីស្ថាន បានបង្កើតខ្សែបន្ទាត់ត្រួតពិនិត្យ Line of Control ដែលពីមុនត្រូវបានគេហៅថាខ្សែបន្ទាត់បទឈប់បាញ់។ Line of Control នេះជាព្រំដែនយោធាកម្រិតខ្ពស់ជាក់ស្ដែងមួយដែល បែងចែកតំបន់ជម្លោះកាស្មៀររវាងប្រទេសទាំង២។
* ដូច្នេះតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់?
ក្រុមអ្នកវិភាគបានព្រមានថាទីក្រុងញូវដែលីអាចនឹងចាត់វិធានការសកម្មភាពយោធា ដោយពួកគេលើកយកព្រឹត្តិការណ៍កាលពីឆ្នាំ២០១៩មកធ្វើជាឧទាហរណ៍។ កាលពីឆ្នាំ២០១៩ បន្ទាប់ពីមានការវាយប្រហារមួយលើ ក្បួនរថយន្តយោធារបស់ឥណ្ឌា នៅក្នុងតំបន់ Jammu and Kashmir ដែលបានសម្លាប់មនុស្ស ៤០នាក់ យន្ដហោះចម្បាំងឥណ្ឌាបានដឹកនាំការវាយឆ្មក់ទម្លាក់គ្រាប់បែកឆ្លងព្រំដែនចូលទឹកដីប៉ាគីស្ថាន។ កងកម្លាំងឥណ្ឌា ក៏ធ្លាប់បានដឹកនាំប្រតិបត្តិការវាយឆ្មក់ថ្មើរជើងឆ្លងដែនផងដែរក្នុងឆ្នាំ២០១៦ ក្រោយខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់កងទ័ព១៩នាក់នៅឯមូលដ្ឋានទ័ពមួយក្នុងទីក្រុង Uri នៃតំបន់កាស្មៀរ។ ប៉ុន្តែសំណួរដ៏សំខាន់នៅទីនេះនោះគឺថា តើឥណ្ឌានឹងចាត់វិធានការក្ដៅកម្រិតណា ក្នុងនោះដូចជាថាតើកំណត់គោលលើមេដឹកនាំក្រុមឧទ្ទាម ឬទីស្នាក់ការរបស់ក្រុមឧទ្ទាម ឬក៏ឥណ្ឌាអាចនឹងដើរហួសបន្ទាត់ក្រហម ដោយបើកការវាយប្រហារលើកងទ័ពប៉ាគីស្ថាន ឬក៏យ៉ាងណា? ប៉ុន្តែ ការធ្វើសង្រ្គាមជាមួយប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរដែរនោះ មិនមែនជារឿងងាយស្រួលថាធ្វើក៏ធ្វើភ្លាមៗនោះទេ។
ឥណ្ឌា និងប៉ាគីស្ថាន បានពង្រឹងកងទ័ព និងឃ្លាំងអាវុធនុយក្លេអ៊ែររៀងៗខ្លួនជាច្រើនឆ្នាំមកនេះ។ ឥណ្ឌាបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកដំបូងក្នុងឆ្នាំ១៩៧៤ និងមួយលើកទៀតនៅឆ្នាំ១៩៩៨។ ចំណែក ប៉ាគីស្ថាន បានធ្វើតេស្ដអាវុធនុយក្លេអ៊ែររបស់ខ្លួននៅប៉ុន្មានសប្ដាហ៍ក្រោយ បន្ទាប់ពីការធ្វើតេស្ដរបស់ឥណ្ឌាក្នុងឆ្នាំ១៩៩៨។ ចាប់តាំងពីពេលនោះមក ឥណ្ឌា និងប៉ាគីស្ថានបានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីល យន្ដហោះចម្បាំង និងធ្វើទំនើបកម្មអាវុធដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕