(វ៉ាទីកង់)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស បានចាប់ផ្តើមប្រព្រឹត្តទៅនៅបុរីវ៉ាទីកង់ ក្រោមវត្តមានមេដឹកនាំមកពីគ្រប់ទិសទីជុំវិញពិភពលោក ព្រមទាំងគ្រិស្តបរិស័ទរាប់សែននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងសែរាជវង្សមកពីប្រទេសសរុបច្រើនជាង១៥០ មានវត្តមានក្នុងព្រះរាជពិធីបុណ្យនេះ ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ ពិធីត្រូវបានប្រារព្ធឡើង នៅទីលាន St. Peter's Square ខាងមុខព្រះវិហារ St. Peter's Basilica។ ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ ព្រះសពរបស់សម្តេចប៉ាប ត្រូវបានតម្កល់ ក្នុងវិហារ St. Peter's Basilica ដើម្បីឱ្យគ្រិស្តបរិស័ទនានា ចូលគោរពវិញ្ញាណក្ខន្ធ។
សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតកាលពីថ្ងៃចន្ទ ទី២១ ខែមេសា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងព្រះជន្ម ៨៨ព្រះវស្សា ក្រោយបានបង្ហាញព្រះរាជវត្តមានជាលើកចុងក្រោយ នៅទីលាន St. Peter's Square មួយថ្ងៃមុននោះ ដើម្បីស្វាគមន៍គ្រិស្តបរិស័ទ នាឱកាសថ្ងៃបុណ្យគ្រិស្តសាសនា Easter។ សម្តេចគឺជាសម្តេចប៉ាបដំបូងបង្អស់ ដែលមានដើមកំណើតមកពីតំបន់អាមេរិកឡាទីន ហើយសម្តេចបានកាន់តួនាទីនេះ អស់រយៈពេល១២ឆ្នាំ។
គួរបញ្ជាក់ថា ការសោយទិវង្គតរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស ចាប់ដំណើរការនូវនីតិវិធីទំនៀមទម្លាប់តមកតាំងពីបុរាណ ស្របពេលដែលព្រះវិហាររ៉ូម៉ាំងកាតូលិក ដែលជានិកាយគ្រិស្តសាសនាដ៏ធំបំផុត ជាមួយគ្រិស្តបរិស័ទ១.៤ពាន់លាននាក់ ធ្វើអន្តរកាលពីសម្តេចប៉ាបចាស់ ឆ្ពោះទៅរកសម្តេចប៉ាបថ្មី។ ការជ្រើសរើសសម្តេចប៉ាបថ្មី ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខ៕