(ប៉េកាំង)៖ សៀវភៅពណ៌ត្នោតស្តីពីសភាពការណ៍សេដ្ឋកិច្ច ដែលចេញផ្សាយដោយប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនៅថ្ងៃទី ២៣ ខែមេសា តាមម៉ោងក្នុងតំបន់បានបង្ហាញថា ស្របពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច បានកើនឡើងជាបន្តបន្ទាប់ អនាគតនៃតំបន់ជាច្រើននៅទូទាំងសហរដ្ឋអាមេរិក មានសភាពកាន់តែអាប់អួទៅៗយ៉ាងលេចធ្លោ ។

កាលពីថ្ងៃទី ២២ ខែមេសា «របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក» ដែលចេញផ្សាយដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានទម្លាក់យ៉ាងខ្លាំងនូវការប៉ាន់ប្រមាណ ចំពោះអត្រាកំណើនសេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំ ២០២៥ ដែលជាកម្រិតបញ្ចុះខ្លាំងបំផុត ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជឿនលឿន ។

មិនពិបាកឃើញទេថា "ហានិភ័យថមថយចុះ" គឺជាការព្រួយបារម្ភដ៏ខ្លាំងបំផុតរបស់អ្នកផងទាំងពួង ចំពោះសេដ្ឋកិច្ចអាមេរិក នៅពេលបច្ចុប្បន្ននេះ ។ លោក Adam S.Posen ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ Peterson ដែលជាធនាគារគំនិតរបស់អាមេរិកបានសម្គាល់ឃើញថា លទ្ធភាពដែលសេដ្ឋកិច្ចអាមេរិកធ្លាក់ក្នុងសភាពថមថយចុះ បានកើនឡើងដល់ ៦៥ ភាគរយ ។

នាពេលថ្មីៗកន្លងទៅនេះ ប្រជាជននៅតំបន់ជាច្រើននៃសហរដ្ឋអាមេរិកបានដើរដង្ហែតាមផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងតវ៉ានឹង គោលនយោបាយរបស់រដ្ឋាភិបាល ដូចជាការដំឡើងពន្ធគយជាដើម ។ បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា រដ្ឋចំនួន ១២ ទៀតរបស់អាមេរិកបានប្តឹងរដ្ឋាភិបាលអាមេរិកនៅថ្ងៃទី ២៣ ខែមេសា តាមម៉ោងក្នុងតំបន់ដោយទាមទារឱ្យបញ្ឈប់ ការអនុវត្តគោលនយោបាយពន្ធគយនិងចោទប្រកាន់ថា គោលនយោបាយទាំងនេះបាននាំមក នូវភាពច្របូកច្របល់ដល់សេដ្ឋកិច្ចអាមេរិក។

លោក Lawrence H. Summers អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានព្រមានថា វិធានការដំឡើងពន្ធគយដែលរដ្ឋាភិបាលអាមេរិក បានដាក់ចេញនោះប្រហែលនឹងបណ្តាលឱ្យមនុស្ស ២ លាននាក់បាត់បង់ការងារ ហើយគ្រួសារនីមួយៗនឹងខាតបង់ប្រាក់ចំណូលជាង ៥០០០ ដុល្លារអាមេរិក ។ តាមពិតទៅ អ្វីដែលអ្នកប្រើប្រាស់អាមេរិក ត្រូវប្រឈមមុខនោះ គឺ មិនត្រឹមតែទំនិញកំពុងឡើងថ្លៃប៉ុណ្ណោះទេ ថែមទាំងក៏ជាអនាគតដែលពោរពេញទៅដោយ ភាពមិនប្រាកដប្រជាផងដែរ។

សហគ្រាសអាមេរិកក៏កំពុងជួបប្រទះនឹងការលំបាកក្នុងការធ្វើអាជីវកម្មផងដែរ ហើយប្រឈមមុខនឹងបញ្ហាជាទូទៅ ដូចជាការកើនឡើងនៃថ្លៃដើមនិងប្រាក់ចំណេញធ្លាក់ចុះ ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបរទេស នាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ដោយមកពីបញ្ហាពន្ធគយ បានជាពាណិជ្ជករផលិតគ្រឿងបរិក្ខារវត្ថុពាក់កណ្ដាលចម្លង នៃសហរដ្ឋអាមេរិកចំនួនបីធំៗនឹងខាតបង់ទឹកប្រាក់ ៣៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ បើនិយាយចំពោះសហគ្រាសធុនតូច ផលប៉ះពាល់ដែលបាននិងកំពុងទទួលរងនោះគឺ មានសភាពរង្គោះរង្គើរកាន់តែធ្ងន់ធ្ងរ ។

ប្រសិនបើបូកវិធានការតបតវិញដែលបណ្តាលមកពី "សង្គ្រាមពន្ធគយ" ដែលបានបំផុសដោយសហរដ្ឋអាមេរិក ផលប៉ះពាល់ដែលសេដ្ឋកិច្ចអាមេរិកកំពុងទទួលរងនឹងកាន់តែខ្លាំងឡើងៗ ។ ក្នុងនោះ កសិកម្មអាមេរិកគឺ រងផលប៉ះពាល់មុនគេ ។ បច្ចុប្បន្ននេះ ខណៈពេលដែលកសិករអាមេរិកកំពុងត្អូញត្អែរឥតឈប់ឈរពីការបាត់បង់ទីផ្សារចិន ប្រទេសជាច្រើន ដូចជាប្រេស៊ីលនិងអូស្ត្រាលីជាដើមបាននាំគ្នា បង្កើនការនាំចេញទៅកាន់ប្រទេសចិន។

វេបសាយប្រព័ន្ធសារព័ត៌មាន CNN អាមេរិកបានចុះផ្សាយអត្ថបទនាពេលថ្មីៗនេះថា សង្រ្គាមពាណិជ្ជកម្មលើកនេះ បានធ្វើឱ្យវិនិយោគិនដកខ្លួនចេញពីសហរដ្ឋអាមេរិក ។ អ្វីដែលឆ្លុះបញ្ចាំងនៅពីក្រោយនេះគឺ កិត្យានុភាពសេដ្ឋកិច្ចរបស់អាមេរិក បានរងការវាយប្រហារយ៉ាងខ្លាំងដែលធ្វើឱ្យវិនិយោគិន ទទួលអារម្មណ៍ពីភាពមិនប្រាកដប្រជាយ៉ាងខ្លាំង។

សូមបញ្ជាក់ថា អ្នកចងចំណង អ្នកនោះត្រូវស្រាយ ។ ភាគីអាមេរិកគួរយល់ដឹងពីវិបត្តិនិងក្រេបយកមេរៀន ពីទិន្នន័យមួយចំនួនទាំងនេះ ដើម្បីដោះស្រាយកង្វល់ខាងពាណិជ្ជកម្មតាមរយៈការចរចាដោយស្មើភាព ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន។ ប្រសិនបើរដ្ឋាភិបាលអាមេរិកទទូចធ្វើការសម្លុតកំហែង នោះវាមានតែនឹងធ្វើឱ្យអ្វីដែលហៅថា "ឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត" ក្លាយជាការស្រមើស្រមៃតែប៉ុណ្ណោះ៕

វិទ្យុមិត្តភាពកម្ពុជាចិន