(វ៉ាន់ខូវឺ)៖ យ៉ាងហោចណាស់មនុស្ស ៩នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ដ៏រន្ធត់មួយ នៅពេលដែលបុរសម្នាក់បានបើករថយន្តបុកចូលទៅក្នុងហ្វូងមនុស្សដែលកំពុងអបអរពិធីបុណ្យរបស់សហគមន៍ហ្វីលីពីន នៅទីក្រុង Vancouver (វ៉ាន់ខូវឺ) ប្រទេសកាណាដា កាលពីល្ងាចថ្ងៃសៅរ៍ ទី២៦ ខែមេសា។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសកាណាដា និងរាយការណ៍បន្តនៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥។
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាបុរសអាយុ ៣០ឆ្នាំ រស់នៅទីក្រុងវ៉ាន់ខូវឺ ដែលធ្លាប់មានប្រវត្តិជាមួយប៉ូលិស នៅកន្លែងកើតហេតុផ្ទាល់ បន្ទាប់ពីប្រជាពលរដ្ឋបានជួយដេញតាមចាប់បាន។ ទោះបីជាហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ ប៉ូលិសក្រុង Vancouver បានបញ្ជាក់ថា «នៅពេលនេះ យើងមានទំនុកចិត្តថាឧបទ្ទវហេតុនេះមិនមែនជាអំពើភេរវកម្មទេ»។
សោកនាដកម្មនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨យប់ (ម៉ោងក្នុងតំបន់) អំឡុងសហគមន៍ហ្វីលីពីន ក្នុងប្រទេសកាណាដា បានរៀបចំពិធីបុណ្យមួយមានឈ្មោះថា Lapu Lapu Day ដើម្បីរំលឹក ដល់អតីតមេដឹកនាំប្រឆាំងអាណាគមម្នាក់របស់ហ្វីលីពីន។ សាក្សីបានរាយការណ៍ប្រាប់ទូរទស្សន៍ក្នុងស្រុកថា បានឃើញរថយន្តពណ៌ខ្មៅមួយគ្រឿង បើកបរខុសប្រក្រតី មុនពេលបើកទៅបុកហ្វូងមនុស្ស។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះ «ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់» នេះ ហើយព្រឹត្តិការណ៍ឃោសនាបោះឆ្នោតរបស់លោកនៅព្រឹកថ្ងៃអាទិត្យត្រូវបានពន្យារពេល ខណៈការបោះឆ្នោតសហព័ន្ធគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទ។ អភិបាលក្រុង Vancouver លោក Ken Sim និងប្រមុខរដ្ឋាភិបាល British Columbia លោក David Eby ក៏បានចេញសាររំលែកទុក្ខផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលខេត្ត British Columbia បានទទួលស្គាល់ជាផ្លូវការនូវទិវា Lapu-Lapu កាលពីឆ្នាំ ២០២៣ នៅរៀងរាល់ថ្ងៃទី២៧ ខែមេសា ដើម្បីទទួលស្គាល់ការរួមចំណែករបស់សហគមន៍ហ្វីលីពីន-កាណាដា ដែលជាក្រុមជនអន្តោប្រវេសន៍ដ៏ធំបំផុតមួយនៅក្នុងនេះ៕