(ហ្វីលីពីន)៖ កងកម្លាំងសហរដ្ឋអាមេរិក និងហ្វីលីពីន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏សំខាន់មួយកាលពីថ្ងៃអាទិត្យ ដោយបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ក្នុងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលកំពុងធ្វើឡើងចំពេលមានភាពតានតឹងជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥។

នេះជាផ្នែកមួយនៃលំហាត់ "Balikatan" ដែលឆ្នាំនេះផ្តោតលើ «ការសាកល្បងសមរភូមិពេញលេញ» ។ សមយុទ្ធនេះ បានប្រើប្រាស់មីស៊ីល Stinger បាញ់ចេញពីប្រព័ន្ធការពារដែនអាកាសចល័ត MADIS របស់កងម៉ារីនអាមេរិក ដែលជាការដាក់ពង្រាយលើកដំបូងនៅហ្វីលីពីន។ ឆ្នាំនេះ ក៏មានការបង្ហាញខ្លួនជាលើកដំបូងនៃប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ដែលនឹងត្រូវប្រើនៅតំបន់ជិតកោះតៃវ៉ាន់ផងដែរ។

ទោះបីយោធាហ្វីលីពីនអះអាងថា សមយុទ្ធ Balikatan ដែលមានទាហានចូលរួមជាង ១៤,០០០នាក់ ធ្វើឡើងដើម្បីការពារជាតិ មិនសំដៅលើប្រទេសណាជាក់លាក់ក៏ដោយ ក៏ប្រទេសចិនបានរិះគន់ថាវាជា «ការបង្កហេតុ»។ មន្ត្រីកងម៉ារីនអាមេរិកម្នាក់បានចាត់ទុកការហ្វឹកហាត់នេះថា «ពិតជាមានតម្លៃ» សម្រាប់កងកម្លាំងសម្ព័ន្ធមិត្ត។

គួរបញ្ជាក់ថា សមយុទ្ធ Balikatan ឆ្នាំនេះ ដែលមានការប្រើប្រាស់អាវុធទំនើប និងធ្វើឡើងនៅទីតាំងយុទ្ធសាស្ត្រ បង្ហាញយ៉ាងច្បាស់ពីការត្រៀមលក្ខណៈ និងការប្តេជ្ញាចិត្តរួមគ្នារបស់វ៉ាស៊ីនតោន និងម៉ានីល ក្នុងការប្រឈមមុខនឹងការគំរាមកំហែងក្នុងតំបន់៕