(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ទីក្រុងវ៉ាស៉ីនតោន បានទាក់ទងជាមួយឥណ្ឌា និងប៉ាគីស្ថាន ហើយជំរុញឱ្យពួកគេដោះស្រាយគ្នា ខណៈភាពតានតឹងនៃប្រទេសទាំងពីរកាន់តែកើនឡើង ដោយសារការវាយប្រហារនៅឯតំបន់ Kashmir។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ ២០២៥។
ការវាយប្រហារថ្ងៃទី២២ ខែមេសា នៅតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង បានសម្លាប់មនុស្សចំនួន ២៦នាក់។ ឥណ្ឌា ចោទប្រកាន់ថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធនៅប៉ាគីស្ថាន ប៉ុន្តែប៉ាគីស្ថានបានបដិសេធ ហើយអំពាវនាវឱ្យមានការស៉ើបអង្កេតពេញលេញ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់ Reuters ថា «នេះគឺជាការវិវត្តន៍ថ្មី ហើយយើងកំពុងតាមដានយ៉ាងដិតដល់។ យើងបានទាក់ទងជាមួយរដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងប៉ាគីស្ថានក្នុងកម្រិតនានា។ សហរដ្ឋអាមេរិក លើកទឹកចិត្តឱ្យភាគីអស់ធ្វើការរួមគ្នា ឆ្ពោះទៅរកដំណោះស្រាយប្រកបដោយទំនួលខុសត្រូវ»។
គួរបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារនោះ ប៉ាគីស្ថានបានបិទដែនអាកាសរបស់ខ្លួន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ហើយឥណ្ឌាក៏បានផ្អាកសន្ធិសញ្ញាឆ្នាំ ១៩៦០ ស្តីពីការគ្រប់គ្រង និងចែករំលែកទឹកពីទន្លេ Indus និងដៃទន្លេរបស់ខ្លួនជាមួយប៉ាគីស្ថាន៕