(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៨ ខែមេសា មន្រ្តីសេដ្ឋកិច្ចកំពូលមួយរូបរបស់ចិន បានលើកឡើងថា ទីក្រុងប៉េកាំង កំពុងឈរនៅខាងត្រឹមត្រូវនៃប្រវត្តិសាស្រ្ត ក្នុងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹង ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP។

ចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មីនៅសេតវិមាន កាលពីខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយលើបណ្តាដៃគូពាណិជ្ជកម្មភាគច្រើនរបស់អាមេរិក ក្នុងនោះចិនបានប្រឈមការដំឡើងដល់១៤៥ភាគរយ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានដំឡើងពន្ធ១២៥ភាគរយ លើទំនិញអាមេរិកវិញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង ជាទីដែលក្រុមមន្រ្តីចិនបានប្តេជ្ញា បង្កើនចំណាត់ការដើម្បីការពារសេដ្ឋកិច្ចរបស់​ប្រទេសចិន ពីផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក លោក Zhao Chenxin ដែលមន្រ្តីជាន់ខ្ពស់ទទួលបន្ទុករៀបចំ​ផែនការសេដ្ឋកិច្ចជាតិ បាននិយាយថា ទីក្រុងប៉េកាំងកំពុងឈរនៅខាងត្រឹមត្រូវនៃប្រវត្តិសាស្រ្ត។

លោក Zhao បានលើកឡើងដូច្នេះថា «យើងជឿជាក់យ៉ាងរឹងមាំថា ប្រសិនបើអ្នកប្រឆាំងជាមួយពិភពលោក និងការពិត នោះអ្នកនឹងកាន់តែធ្វើឱ្យខ្លួនឯងឯកោ។ មានតែធ្វើដំណើរស្របជាមួយពិភពលោក និងដោយមានសីលធម៌ទេ ទើបយើងទាំងអស់គ្នាឈ្នះអនាគត»។ ជាមួយគ្នានោះ លោក Zhao បានថ្កោលទោសទង្វើឯកតោភាគីនិយម និងការសម្លុតគំរាម​របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសជាច្រើននៅលើពិភពលោក កំពុងស្វះស្វែងចរចារកកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ដើម្បីចៀសវាង​ការដំឡើងពន្ធខ្ពស់ពីអាមេរិក បន្ទាប់ពីលោក ត្រាំ បានទុកពេលឱ្យ៩០ថ្ងៃ ពោលគឺដល់ខែកក្កដាខាងមុខ។ ដោយឡែក ទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងបន្តតតាំងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកដល់ទីបញ្ចប់ ហើយបដិសេធការអះអាងរបស់​ទីក្រុងវ៉ាស៉ីនតោនដែលថា ភាគីទាំងពីរកំពុងស្ថិតក្នុងកិច្ចចរចាពាណិជ្ជកម្ម៕