(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៨ ខែមេសា ទីក្រុងប៉េកាំងបានចេញមុខបកស្រាយថា ពុំមានការនិយាយទូរសព្ទកើតឡើង រវាងប្រធានាធិបតីអាមេរិក លោកស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះឡើយ បន្ទាប់ពីលោក ត្រាំ បានអះអាងថា លោក ស៉ី បានហៅទូរសព្ទមកលោក ខណៈប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តី ​TIME កាលពីថ្ងៃទី២២ ខែមេសា និងចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោក ត្រាំ បាននិយាយថា លោកប្រធានាធិបតីចិន បានហៅទូរសព្ទទៅរូបលោក បើទោះបីជាទីក្រុងប៉េកាំងបដិសេធថា មិនមានការទាក់ទងគ្នាណាមួយក៏ដោយ រវាងប្រទេសទាំងពីរ ជុំវិញបញ្ហាជម្លោះពាណិជ្ជកម្មដ៏តានតឹង។ លោក ត្រាំ មិនបានប្រាប់ថា ការនិយាយទូរសព្ទនោះ បានកើតឡើងកាលពីពេលណា ឬបញ្ជាក់ថា បានពិភាក្សាគ្នាអំពីរឿងអ្វីខ្លះឡើយ។

នាថ្ងៃចន្ទនេះ នៅពេលត្រូវបានសាកសួរពីការអះអាងរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឆ្លើយតបយ៉ាងដូច្នេះថា «បើតាមខ្ញុំដឹង គឺមិនមានកិច្ចសន្ទនាតាមទូរសព្ទ រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរឡើយ នាពេលថ្មីៗនេះ។ ចិននិងសហរដ្ឋអាមេរិក មិនកំពុងស្ថិតក្រោមដំណើរការពិគ្រោះ ឬចរចាណាមួយ ស្តីពីបញ្ហាពន្ធគយនោះទេ»។

គួរបញ្ជាក់ថា កំពូលមហាអំណាចសេដ្ឋកិច្ចសេដ្ឋកិច្ចទាំង២ របស់ពិភពលោក កំពុងជាប់ផុងក្នុងសង្រ្គាមពាណិជ្ជកម្ម ផ្តើមចេញមកពី​ការដំឡើងពន្ធរបស់លោក ត្រាំ លើទំនិញរបស់ចិន ដែលបានកើនដល់១៤៥ភាគរយ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានដំឡើងពន្ធ១២៥ភាគរយវិញ ទៅលើទំនិញរបស់អាមេរិក៕