(វ៉ាស៊ីនតោន)៖ ជំនួបរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯបុរីវ៉ាទីកង់ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីចុងសប្ដាហ៍កន្លងទៅ ត្រូវបានចាត់ទុកដោយភាគីទាំងសងខាង ថាជាព្រឹត្តិការណ៍ប្រវតិ្តសាស្ត្រមួយ។ ប៉ុន្តែថាតើជំនួបនេះអាចនឹងត្រួសត្រាយផ្លូវនាំទៅរកការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៉ី ដែរឬក៏យ៉ាងណា នឹងបង្ហាញ កាន់តែច្បាស់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ជំនួបរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅឯ Saint Peter's Basilica នៃបុរីវ៉ាទីកង់ ធ្វើឡើងនាឱកាសដែលមេដឹកនាំទាំង២ចូលរួមព្រះរាជពិធីបុណ្យរបស់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស ដោយអ្នកទាំង២ អង្គុយទល់មុខជជែកគ្នាជាលើកដំបូង ចាប់តាំងពីទាស់សម្ដីគ្នានៅឯសេតវិមានកាលពីខែកុម្ភៈ។ «វាជាជំនួបដ៏ស្រស់ស្អាត»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុង Bedminster រដ្ឋ New Jersey កាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា ក្រោយត្រឡប់មកពីទីក្រុងរ៉ូមវិញ។ លោក ត្រាំ បាននិយាយថាជំនួបនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងបានបន្សាបភាពតានតឹង កន្លងមក។ លោក ត្រាំ ថែមទាំងសង្កត់ធ្ងន់ ទៀតផងថារូបលោក និងលោក ហ្សេលេនស្គីមានជម្លោះនឹងគ្នាតិចតួច ដោយសារតែរូបលោកមិនយល់ស្របរឿងមួយចំនួនដែលលោក ហ្សេលេនស្គីបាននិយាយ ហើយណាមួយនៅពេលនោះមានកាមេរ៉ាវិលចុះវិលឡើង ផង។ ក្រៅពីលោក ត្រាំ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានចាត់ទុកថាជំនួបរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅបុរីវ៉ាទីកង់ ជាព្រឹត្តិការណ៍ដ៏ល្បីល្បាញ ខណៈលោក ហ្សេលេនស្គីថាជំនួបនេះនឹង ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រសិនបើយើងអាចសម្រេចបានលទ្ធផលរួម។
ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បានបង្ហាញខ្លួននៅឯជំនួបនោះដែរ ដែលនេះបានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់ក្រុមប្រទេស មហាអំណាចអឺរ៉ុប ក្នុងការបញ្ចុះបញ្ចូលឱ្យលោក ត្រាំ ត្រឡប់មករកការរួបរួមគ្នាជាមួយអឺរ៉ុបឡើងវិញ។ កាន់តែសំខាន់ជាងនេះ នោះគឺអ្វីដែលលោក ហ្សេលេនស្គីបានលើកឡើងក្នុងជំនួបជាមួយលោក ត្រាំ វាហាក់ដូចជាបានផលខ្លះៗដែរ។ នៅប៉ុន្មានម៉ោងក្រោយជំនួបជាមួយមេដឹកនាំអ៊ុយក្រែន លោក ត្រាំ បានហាក់បង្ហាញជំហរប្រឆាំងលោក វ្ល៉ាឌីមៀ ពូទីន ជាលើកដំបូង។ លោក ត្រាំ កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ឡើងវិញថារូបលោកមានការសោកស្ដាយដែលកងកម្លាំងរបស់លោក ពូទីន នៅតែបន្តវាយប្រហារលើគោលដៅស៊ីវិលនៅអ៊ុយក្រែន។ «ខ្ញុំចង់ឱ្យគាត់ (លោក ពូទីន) បញ្ឈប់ការបាញ់ប្រយុទ្ធគ្នា អង្គុយចុះ ហើយស៊ីញេលើកិច្ចព្រមព្រៀងមួយ»។ នេះជាការបន្ថែមរបស់លោក ត្រាំ។ ប៉ុន្តែតើនេះមានន័យថាលោក ត្រាំ បានប្ដូរគោលជំហរហើយ ឬ?
* ខិតទៅរកសនិ្តភាព តែមិនទាន់ខិតជិតគ្រប់គ្រាន់
តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែបង្ហាញពីសញ្ញានៃការកើនឡើងការអស់ភាពអត់ធ្មត់របស់លោក ចំពោះរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេលដែលរូបលោកកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ដែលលោកធ្លាប់សន្យាថានឹងសម្រេចឱ្យបានក្នុងពេលត្រឹម ២៤ម៉ោង។ លោក ត្រាំ បាននិយាយថាលោកផ្ទាល់ជឿជាក់ថាលោក ហ្សេលេនស្គី បានត្រៀមខ្លួនជាស្រេចដើម្បីបោះបង់ចោលតំបន់គ្រីមៀ ដែលរុស្ស៉ី បានក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ បើទោះជាលោក ហ្សេលេនស្គីអះអាងម្ដងហើយម្ដងទៀតថាលោកនឹងមិនធ្វើដូច្នេះក៏ដោយ។ ខណៈជំនួបរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី បង្ហាញពី សញ្ញាវិជ្ជមានមួយចំនួន សេតវិមានបានបញ្ជាក់ឡើងវិញថាសហរដ្ឋអាមេរិកនឹងបោះបង់ចោលកិច្ចប្រឹងប្រែងសម្របសម្រួលសន្តិភាពក្នុងពេលឆាប់ៗ ប្រសិនបើកិច្ចចរចាសព្វថ្ងៃមិនមានភាពរីកចម្រើន ទេនោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ ក៏បានកត់សម្គាល់ដែរថាកិច្ចចរចាស្វែងរកសន្តិភាពអ៊ុយក្រែនបានឈានចូលដល់សប្ដាហ៍មួយដ៏សំខាន់។ «យើងខិតទៅរកសន្តិភាព តែយើង មិនទាន់ខិតជិតគ្រប់គ្រាន់នោះទេ»។ នេះជាការលើកឡើងរបស់លោក Marco Rubio ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC។ លោកស្រី Andrea Kendall-Taylor ជាអ្នកវិភាគម្នាក់ មកពី Center for a New American Security និងជាអតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិកពាក់ព័ន្ធនឹងរុស្ស៉ី និងតំបន់អឺរ៉ាស៊ី បាននិយាយថា «ថាតើការដកខ្លួនរបស់អាមេរិកចេញពីកិច្ចប្រឹងប្រែង ស្វែងរកសន្តិភាពអ៊ុយក្រែន នឹងមានន័យយ៉ាងណា ឬធ្វើឡើងក្រោមរូបភាពបែបណា វានៅតែស្ថិតក្នុងភាពមន្ទិលសង្ស័យនៅឡើយ ហើយក៏គ្មាននរណាម្នាក់ដឹងឱ្យប្រាកដនោះដែរ»។ លោកស្រីបន្តដោយចោទសួរថា «តើការដកខ្លួននោះ ត្រឹមមានន័យថាសហរដ្ឋអាមេរិកនឹងលែងចូលរួមក្នុងដំណើរការការទូត ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម ឬក៏ថាតើវាមានន័យថាសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីទាំងស្រុង ក្នុងនោះរួមមាន ទាំងការបិទបញ្ចប់ការផ្ដល់ជំនួយយោធាសេសសល់ សម្រាប់អ៊ុយក្រែនឬក៏យ៉ាងណានោះទេ?»។
គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែនបានឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយ។ លោក ត្រាំ នៅពេលនេះចង់ឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដីមួយចំនួន ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ទៅឱ្យរុស្ស៉ី ដើម្បីដូរយក សន្តិភាព។ រុស្ស៉ីកំពុងគ្រប់គ្រងជិត ២០ភាគរយនៃទឹកដីអ៊ុយក្រែន ហើយទឹកដីទាំងនេះមួយផ្នែកធំអាចនឹងបាត់បង់នៅក្រោមសំណើសនិ្តភាពចុងក្រោយរបស់លោក ត្រាំ។ ក៏ប៉ុន្តែ លោក ហ្សេលេនស្គី បានច្រានចោល ជាសាធារណៈចំពោះសំណើឱ្យអ៊ុយក្រែនបោះបង់ចោលតំបន់គ្រីមៀ៕