(ញូវដែលី)៖ ទីក្រុងញូវដែលី បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែមេសាថា កងទ័ពឥណ្ឌា និងប៉ាគីស្ថានបានបាញ់កាំភ្លើងតបតគ្នាទៅវិញទៅមក នៅក្នុងតំបន់ជម្លោះកាស្មៀរ (Kashmir) ក្នុងយប់ទី៥ ជាប់ៗគ្នា មួយសប្ដាហ៍បន្ទាប់ពីការវាយប្រហារលើភ្ញៀវទេសចរឥណ្ឌាធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជិតខាងនឹងគ្នាទាំង២ ធ្លាក់ចូលក្នុងភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ខាងកងទ័ពឥណ្ឌា បាននិយាយថាកងទ័ពរបស់ខ្លួន និងកងទ័ពប៉ាគីស្ថាន បានបាញ់កាំភ្លើងតបតគ្នាទៅវិញទៅមក កាលពីយប់ថ្ងៃចន្ទម្សិលមិញ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន Line of Control ដែលជាបន្ទាត់ព្រំដែនជាក់ស្ដែងមួយខណ្ឌចែកតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថាន។ ប៉ុន្តែ ភ្លាមៗខាងប៉ាគីស្ថានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានដែលសុទ្ធតែ មានអាវុធនុយក្លេអ៊ែរបានធ្លាក់ចុះដុនដាប ក្រោយឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានជាអ្នកគាំទ្រការវាយប្រហារដ៏ព្រៃផ្សៃមួយលើក្រុមភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរផ្នែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា ដោយសម្លាប់មនុស្ស ២៦នាក់។ ប៉ាគីស្ថានវិញបានច្រានចោលការចោទប្រកាន់របស់ទីក្រុងញូវដែលី ហើយប្រទេសទាំង២បានចាត់វិធានការសងសឹកគ្នាទៅវិញទៅមក ក្នុងនោះរួមមានការលុបចោលទិដ្ឋាការ ការបណ្ដេញមន្ត្រីទូត និងការបិទព្រំដែនជាដើម។
គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា ក៏បានបញ្ជាក់ដែរថាថ្ងៃអង្គារនេះគឺជាកាលបរិច្ឆេទផុតកំណត់សម្រាប់ឱ្យពលរដ្ឋប៉ាគីស្ថានចាកចេញពីប្រទេសឥណ្ឌា។ ចំណែក ក្រុមអ្នកវិភាគវិញបានព្រមានថា ភាពតានតឹងសព្វថ្ងៃអាចនឹងជំរុញឱ្យផ្ទុះជម្លោះប្រដាប់អាវុធ៕