(អ៉ីស្លាម៉ាបាដ)៖ កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា រដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន បាននិយាយថា នឹងមានការធ្វើសកម្មភាពយោធាឆ្មក់ចូលលុកលុយពីឥណ្ឌា ក្នុងពេលឆាប់ៗ ចំពោះមុខការបន្តកើនឡើងភាពតានតឹង រវាងប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរ ក្រោយការវាយប្រហារដ៏ប្រល័យរបស់ក្រុមសកម្មប្រយុទ្ធ លើអ្នកទេសចរនៅតំបន់ Kashmir កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ កាលពីថ្ងៃទី២២ ខែមេសា បានផ្តាច់ជីវិតមនុស្ស២៦នាក់ ហើយបានបង្កឱ្យមានការខឹងសម្បារជាខ្លាំងនៅឥណ្ឌា រួមជាមួយការអំពាវនាវឱ្យធ្វើសកម្មភាពប្រឆាំងប៉ាគីស្ថាន។ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថាន អំពីការគាំទ្រសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធ នៅ Kashmir ជាតំបន់ដែលប្រទេសទាំងពីរ បានទាមទារគ្រប់គ្រងទាំងស្រុង និងធ្លាប់ធ្វើសង្រ្គាមដណ្តើមគ្នា ដល់ទៅ២លើក។
ក្នុងកិច្ចសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅឯការិយាល័យរបស់លោក ក្នុងរដ្ឋធានីអ៉ីស្លាម៉ាបាដ រដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បាននិយាយថា កងកម្លាំងយោធាប៉ាគីស្ថាន ត្រូវបានពង្រឹងការត្រៀមលក្ខណៈ ដោយសារស្ថានការណ៍នាពេលនេះ បង្ហាញថា នឹងមានការធ្វើសកម្មភាពឆ្មក់លុកលុយពីយោធាឥណ្ឌា ក្នុងពេលឆាប់ៗ។ លោក Asif បានបន្តថា ដូច្នេះក្នុងស្ថានការណ៍បែបនេះ ការសម្រេចចិត្តជាយុទ្ធសាស្រ្តមួយចំនួន ចាំបាច់ត្រូវធ្វើឡើង ហេតុនេះការសម្រេចចិត្តទាំងនោះ ក៏ត្រូវបានធ្វើឡើង។
លោករដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន បានបន្ថែមទៀតថា ឥណ្ឌាបានបង្កើនវោហារសាស្រ្តជាខ្លាំង ហើយយោធាប៉ាគីស្ថាន បានរាយការណ៍ដល់រដ្ឋាភិបាលអំពីលទ្ធភាពនៃការឆ្មក់វាយប្រហារពីឥណ្ឌា។ យ៉ាងណាមិញ លោក Asif មិនបាននិយាយលម្អិតបន្ថែមទៀតឡើយ អំពីមូលហេតុដែលធ្វើឱ្យរូបលោកយល់ថា នឹងមានសកម្មភាពឆ្មក់លុកលុយពីឥណ្ឌា ក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា ក្រោយការវាយប្រហារនៅ Kashmir ឥណ្ឌាបានកំណត់អត្តសញ្ញាណ ជនសកម្មប្រយុទ្ធ២នាក់ ជាជនជាតិប៉ាគីស្ថាន។ ទោះជាបែបនេះក្តី ទីក្រុងអ៉ីស្លាម៉ាបាដ បានបដិសេធការជាប់ពាក់ព័ន្ធ ហើយបានអំពាវនាវឱ្យមានការស៉ើបអង្កេតអព្យាក្រឹតមួយ ជុំវិញករណីនេះ។ ប៉ុន្មានថ្ងៃមកនេះ កងទ័ពប៉ាគីស្ថាននិងឥណ្ឌា បានបាញ់កាំភ្លើងតបតទៅមក នៅតាមបណ្តោយព្រំដែន។ ជាចុងក្រោយ លោក Asif បាននិយាយថា ប៉ាគីស្ថានកំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់ ប៉ុន្តែនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ លុះត្រាតែក្នុងករណីមានការគំរាមកំហែងដោយផ្ទាល់ ចំពោះអាយុជីវិតនៃប្រទេសជាតិរបស់ខ្លួនប៉ុណ្ណោះ៕