(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា មន្រ្តីអាមេរិកមួយរូបបានឱ្យដឹងថា សហរដ្ឋអាមេរិក បានបាត់បង់យន្តហោះដ្រូន MQ-9 Reaper ដែលមានតម្លៃរាប់សិបលានដុល្លារ សរុបចំនួន៧គ្រឿងហើយ នៅតំបន់ប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី១៥ ខែមីនាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីក្រុងវ៉ាស៉ីនតោន បានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសជុំថ្មី ប្រឆាំងក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន កាលពីពាក់កណ្តាល​ខែមីនា ហើយយន្តហោះដ្រូន MQ-9 អាចត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មឈ្លបយកការណ៍ ដែលជាការងារដ៏សំខាន់មួយនៃកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការស្វែងរកនិងកំណត់គោលដៅលើសព្វាវុធ ដែលពួកហ៊ូទីប្រើប្រាស់ ដើម្បីវាយប្រហារលើកប៉ាល់ដឹកជញ្ជូននៅក្នុងតំបន់ ហើយយន្តហោះដ្រូននេះ ក៏អាចប្រើសម្រាប់បេសកកម្មវាយប្រហារតាមផ្លូវអាកាសផ្ទាល់ តែម្តងផងដែរ។

គួរបញ្ជាក់ថា បើតាមមន្រ្តីអាមេរិកខាងលើ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ គឺមកទល់ពេលនេះ មានយន្តហោះដ្រូន MQ-9 ៧គ្រឿងហើយ បានធ្លាក់គិតចាប់តាំងពីថ្ងៃទី១៥ ខែមីនា ប៉ុន្តែមិនបានប្រាប់ឱ្យច្បាស់ថា យន្តហោះដ្រូនទាំងនោះ ត្រូវបានបាត់បង់ ដោយសារមូលហេតុអ្វីឡើយ។ ពួកវាមួយគ្រឿងមានតម្លៃប្រហែលខ្ទង់ ៣០លានដុល្លារ។ ដោយឡែក កាលពីថ្ងៃចន្ទដដែល កងទ័ពជើងទឹកអាមេរិក ក៏បានប្រកាសផងដែរ អំពីការបាត់បង់សព្វាវុធតម្លៃដ៏ថ្លៃមួយទៀត គឺយន្តហោះចម្បាំង F-18 ដែលរអិលធ្លាក់ចេញពីលើនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman នៅតំបន់សមុទ្រក្រហម៕