(បែរឡាំង)៖ នៅបន្ទាប់ពីមានការវាយប្រហារដ៏ព្រៃផ្សៃមួយនៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា ទីក្រុងញូវដែលីបានបិទព្រំដែន និងផ្ដាច់ទំនាក់ទំនងស្ទើរតែទាំងអស់ជាមួយប៉ាគីស្ថាន។ ឥណ្ឌាបានចោទ ប៉ាគីស្ថានថាជាអ្នកគាំទ្រការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធលើភ្ញៀវទេសចរឥណ្ឌា ក្នុងទីក្រុង Pahalgam នៃតំបន់កាស្មៀរដែលបានសម្លាប់មនុស្ស ២៦នាក់។ ប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់របស់ ឥណ្ឌា។ ក្រុមសកម្មប្រយុទ្ធបានធ្វើសកម្មភាពវាយប្រហារនៅក្នុងតំបន់ជម្លោះកាស្មៀរជាច្រើនលើកកាលពីអតីតកាល ហើយជារឿយៗតែងតែបង្កឱ្យមានការប្រឈមមុខដាក់គ្នារវាងឥណ្ឌា និងប៉ាគីស្ថាន។
ក៏ប៉ុន្តែ នៅលើកនេះ ទីក្រុងញូវដែលីត្រូវបានគេមើលឃើញថាកាន់តែមានការប្ដេជ្ញាចិត្តខ្លាំងជាងមុន ដើម្បីផ្ដល់មេរៀនឱ្យទីក្រុងអ៉ីស្លាម៉ាបាដ ដែលឥណ្ឌាចោទថាជាអ្នកគាំទ្រក្រុមឧទ្ទាមទាមទារផ្ដាច់ទឹកដីនៅក្នុងតំបន់ កាស្មៀរ។ ចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះជម្លោះប្រដាប់អាវុធ ឥណ្ឌាបានចាត់វិធានការសងសឹកជាបន្តបន្ទាប់ប្រឆាំងនឹងប៉ាគីស្ថាន ក្នុងនោះរួមមានការផ្ដាច់ទំនាក់ទំនងការទូតស្ទើរតែទាំងស្រុង ការបិទព្រំដែន គោក និងអាកាស ព្រមទាំងការផ្អាកកិច្ចព្រមព្រៀង Indus Waters Treaty ឆ្នាំ១៩៦០ ជាកិច្ចព្រមព្រៀងស្ដីពីការបែងចែកការប្រើប្រាស់ទឹកពីប្រព័ន្ធទឹកទន្លេ Indus។ ជាការសងសឹកវិញ ប៉ាគីស្ថានបានកាត់បន្ថយ ទំនាក់ទំនងការទូតជាមួយឥណ្ឌា និងផ្អាករាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ ដូច្នេះតើជំហានបន្ទាប់ គឺជាជម្រើសយោធា?
* ជម្រើសយោធា
កាលពីឆ្នាំ២០១៩ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុង Pulwama នៃតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា បានសម្លាប់យោធាឥណ្ឌា ៤០នាក់។ ឥណ្ឌាបានសងសឹកវិញតាមរយៈការវាយប្រហារតាម ផ្លូវអាកាសឆ្លងដែនចូលក្នុងទឹកដីប៉ាគីស្ថាន ដើម្បីតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធ ដោយនៅពេលនោះធ្វើឱ្យប្រទេសទាំង២ជិតផ្ទុះសង្រ្គាមនឹងគ្នា។ តែវិបត្តិនេះបានបិទបញ្ចប់ទៅក្នុងភាពជាប់គាំងមួយ។ តើឥណ្ឌាអាចនឹង បើកការវាយប្រហារតាមផ្លូវអាកាសរបៀបនេះសាជាថ្មីដែរឬទេ? លោក Praveen Dhonthi ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីអង្គការ International Crisis Group បាននិយាយថានាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងរដ្ឋាភិបាលរបស់លោកកំពុងស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងមួយពីសំណាក់ក្រុមអ្នកជាតិនិយមឥណ្ឌា ឱ្យធ្វើការសងសឹកដោយបើកការវាយប្រហារតាមផ្លូវអាកាស។ លោកបន្តថា «រដ្ឋាភិបាលរបស់លោក Modi អាចកំពុងពិចារណាលើជម្រើសមួយចំនួន ហើយអាចនឹងមានអារម្មណ៍ថាខ្លួនឯងត្រូវតែបង្ខំចិត្តដឹកនាំប្រតិបត្តិការយោធាមួយដែលមើលទៅមានលក្ខណៈខ្លាំងក្លាជាងការវាយប្រហារតាមផ្លូវអាកាស កាលពីឆ្នាំ២០១៩ ដើម្បីលួងចិត្តអ្នកគាំទ្ររបស់ខ្លួន»។
ក៏ប៉ុន្តែ ក្នុងបរិបទនៃភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថានដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ មានមនុស្សតិចតួចបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន ដែលជឿថាសង្រ្គាមទាំងស្រុងមួយនឹងផ្ទុះឡើងជាមួយឥណ្ឌា។ «ខ្ញុំគិតថា សង្រ្គាមទាំងស្រុងមួយរវាងឥណ្ឌា និងប៉ាគីស្ថានទំនងជានឹងមិនអាចផ្ទុះឡើងនោះទេ»។ នេះជាការយល់ឃើញរបស់លោក Imtiaz Gul ជានាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងការសិក្សាពីសន្តិសុខ មានមូលដ្ឋានក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ដោយសំអាងថាអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំង២នឹងត្រូវបានប្រើជាការកំញើញទប់ស្កាត់ដ៏ធំមួយមិនឱ្យសង្រ្គាមទាំងស្រុងផ្ទុះឡើងឡើយ។ ខណៈការយល់ឃើញបែបនេះបាន គឺជា ការពិតមួយមិនអាចប្រកែកបាននាពេលកន្លងមក ការប្រឈមមុខដាក់គ្នារវាងឥណ្ឌា និងប៉ាគីស្ថានក្នុងពេលបច្ចុប្បន្នកាន់តែឡើងកម្ដៅខ្លាំងឡើងៗ។
* តើក្រៅពីជម្រើសយោធា តើឥណ្ឌាអាចដាក់សម្ពាធប៉ាគីស្ថានតាមវិធីណា?
តាមលោក Imtiaz Gul ទំនាក់ទំនងការទូតរវាងឥណ្ឌា និងប៉ាគីស្ថាន នឹងនៅតែបន្តជាប់គាំង ហើយស្ថានភាពប្រុងជើងការសម្រាប់សង្រ្គាមនឹងនៅតែបន្តកើតមានក្នុងរយៈពេលខ្លី។ លោក Gul យល់ថាទីក្រុងញូវដែលី អាចនឹងបន្តដាក់សម្ពាធលើប៉ាគីស្ថានដោយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។ «ឥណ្ឌានឹងព្យាយាមធ្វើឱ្យប៉ាគីស្ថានឯកោ ហើយការផ្អាកដោយឯកតោភាគីនូវកិច្ចព្រមព្រៀង Indus Waters Treaty គឺជា ការគំរាមកំហែងមួយដ៏ធំសម្រាប់ប៉ាគីស្ថាន ស្របពេលដែលការកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្ម និងលុបចោលទិដ្ឋាការ រួមជាមួយការធ្វើឱ្យប៉ាគីស្ថានឯកោនៅលើឆាកអន្តរជាតិ គឺជាមធ្យោបាយដ៏មានថាមពលដែល ឥណ្ឌាត្រៀមទុករួចជាស្រេច»។ នេះជាបន្ថែមរបស់លោក Imtiaz Gul។ លោក Imtiaz Gul បានកត់សម្គាល់ទៀតថាវិធានការទាំងអស់នេះគឺមានប្រយោជន៍ចំពោះឥណ្ឌាបំផុត ពីព្រោះប៉ាគីស្ថានមានជម្រើសតិចតួចជាង ក្នុងពេលប្រទេសមួយនេះកំពុងស្វះស្វែងរកការវិនិយោគពីបរទេស។ ប៉ាគីស្ថានសព្វថ្ងៃ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយ ដោយអតិផរណាកើនឡើងប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនក្រីក្រ និងមានជីវភាព មធ្យម។ មិនតែប៉ុណ្ណោះ ប៉ាគីស្ថានក៏កំពុងប្រឈមផងដែរនឹងបញ្ហាប្រឈមសន្តិសុខធំៗពីក្រុមជ្រុលនិយមនៅក្នុងខេត្ត Balochistan នៅភាគខាងលិច និងខេត្ត Khyber Pakhtunkhwa នៅភាគពាយព្យនៃប្រទេស។ ចំណែក និយាយពីស្ថានការណ៍នយោបាយវិញ អ្នកនយោបាយដ៏មានប្រជាប្រិយភាពបំផុតមួយ គឺអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan កំពុងជាប់ឃុំក្នុងពន្ធនាគារដែលនេះបានធ្វើឱ្យក្រុមអ្នកគាំទ្ររូបលោក បង្វែរការខឹងសម្បារទៅលើស្ថាប័នយោធាប៉ាគីស្ថាន។ ដូច្នេះសង្រ្គាម ឬជម្លោះយូរអង្វែងណាមួយជាមួយឥណ្ឌា ជុំវិញតំបន់កាស្មៀរអាចនឹងបង្កអស្ថិរភាពបន្ថែមដល់ប៉ាគីស្ថាន។
* កត្តាភូមិសាស្ត្រនយោបាយ
អង្គការសហប្រជាជាតិបានជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថាន មានការអត់ធ្មត់ជាអតិបរមា ធ្វើដូច្នេះទើបអាចដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការទំនាក់ទំនងគ្នាទៅវិញទៅមក។ ដូចគ្នាដែរ ក្រសួងការបរទេសចិន ក៏បាន អំពាវនាវឱ្យប្រទេសទាំង២ រក្សាការអត់ធ្មត់ និងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា។ អ៉ីរ៉ង់វិញបានអះអាងថាបានត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួល រីឯអារ៉ាប៊ីសាអូឌីតបាននិយាយថាខ្លួន កំពុងព្យាយាមរារាំងកុំឱ្យជម្លោះ ឬសង្រ្គាមផ្ទុះឡើង។ បន្ថែមពីលើនេះ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសការវាយប្រហារក្នុងទីក្រុង Pahalgam តែក្នុងការអត្ថាធិប្បាយចុងក្រោយបំផុត មួយរបស់លោក កាលពីថ្ងៃទី២៥ ខែមេសា លោកមិនបង្ហាញថាឈរនៅខាងឥណ្ឌា ឬប៉ាគីស្ថាននោះទេ។ «វាមានភាពតានតឹងនៅព្រំដែនកាស្មៀរជាង១៥០០ឆ្នាំមកហើយ។ វានៅតែដដែល ប៉ុន្តែខ្ញុំជឿថា ពួកគេនឹងស្វែងរក ច្រកចេញ។ ខ្ញុំស្គាល់មេដឹកនាំនៃប្រទេសទាំង២ (ឥណ្ឌា និងប៉ាគីស្ថាន)»។ នេះជាការលើកឡើងរបស់លោក ត្រាំ។
គួរបញ្ជាក់ថា នៅក្នុងអត្ថបទមួយចេញផ្សាយដោយទស្សនាវដ្ដីអាមេរិក Newsweek អ្នកវិភាគម្នាក់បាននិយាយថាសហរដ្ឋអាមេរិកត្រូវតែដឹកនាំយុទ្ធនាការការទូតមួយ បន្ទាប់ពីការវាយប្រហារនៅកាស្មៀរ។ ការគំាទ្ររបស់ ទីក្រុងវ៉ាស៊ីនតោនចំពោះឥណ្ឌា ការកើនឡើងភាពជាដៃគូជាមួយឥណ្ឌា និងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនជាមួយប៉ាគីស្ថានដែលកំពុងមានទំនាក់ទំនងល្អជាមួយចិន គឺមាន សារៈសំខាន់នៅក្នុងការថែរក្សាស្ថិរភាពតំបន់ និងបញ្ចៀសជម្លោះទ្រង់ទ្រាយធំ។ ក្នុងន័យនេះ សហរដ្ឋអាមេរិកទំនងជានឹងជំរុញឱ្យមានដំណោះស្រាយការទូត ក្នុងគោលបំណងបន្ធូរបន្ថយវិបត្តិ និងបង្ការកុំឱ្យជម្លោះ ប្រដាប់អាវុធផ្ទុះឡើង។ ពីព្រោះលទ្ធផលដែលកើតចេញពីស្ថានការណ៍សព្វថ្ងៃ នឹងមិនត្រឹមតែប៉ះពាល់ដល់តំបន់អាស៊ីខាងត្បូងទាំងមូលប៉ុណ្ណោះទេ តែវាក៏អាចធ្វើឱ្យសន្តិសុខសកលប្រែប្រួលផងដែរ ជាពិសេសជាមួយ ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់៕