(ប៉េកាំង)៖ បន្ទាប់ពីការផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោកបានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេសចរណ៍បាន«រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល«សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹង ភាពរង្គោះរង្គើដែលបណ្តាលមកពីបម្រែបម្រួលនិម្មាបនកម្ម ពិភពលោកដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលមួយរយឆ្នាំ ព្រមទាំងកត្តាគាំពារនិយមនិងឯកតោភាគីនិយម ។ ឯនៅក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ វិស័យទេសចរណ៍បានរួមចំណែកដែលមិនអាចខ្វះបាន ។

ចិនជាប្រទេសមួយដែលមានអរិយធម៌ដ៏ចំណាស់និងមានទឹកដីធំទូលាយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ទាំងនេះជាកត្តាដ៏មានអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ធនធានទេសចរណ៍ដ៏វិសេសវិសាលបានត្រូវអភិវឌ្ឍជា ផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេសរបស់ចិន និងរួមបញ្ចូលនូវធាតុផ្សំមួយចំនួនរបស់បរទេស ដែលអាចបំពេញតាមគ្រប់តម្រូវការរបស់ទេសចរជាតិនិងអន្តរជាតិ ។

បន្ទាប់ពីបញ្ចប់ជំងឺឆ្លងសកលកូវីដ-១៩ រដ្ឋាភិបាលចិនបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ ស្តារវិស័យទេសចរណ៍ជាតិនិងអន្តរជាតិ ដែលក្នុងនោះ ការលើកលែងទិដ្ឋាការ សម្រាប់អ្នកដំណើរឆ្លងកាត់ប្រទេសចិ នក្នុងរយៈពេល ១០ ថ្ងៃឬ ២៤០ ម៉ោងបានជំរុញឱ្យ «China Travel» ក្លាយជាការពេញនិយមខ្លាំងសម្រាប់ទេសចរអន្តរជាតិ ពិសេសចំពោះអ្នកដំណើរដែលមកពីប្រទេសជិតខាងនៃប្រទេសចិន ដែលចំណាយពេលតែប៉ុន្មានថ្ងៃ ឬថ្ងៃចុងសប្តាហ៍ក៏អាចទៅដើរកម្សាន្ត នៅប្រទេសចិនបានយ៉ាងងាយស្រួល ។

បើតាមទិន្នន័យរបស់រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនឱ្យដឹងថា «នៅត្រីមាសទីមួយឆ្នាំ ២០២៥ នេះ មានជនបរទេសចំនួនជាង ៩,២១ លានបានចូលដែនចិនតាមច្រកចេញ-ចូលទូទាំងប្រទេស ដែលបានកើនឡើងចំនួន ៤០.២% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ក្នុងចំណោមនោះ អ្នកដំណើរបរទេសដែលចូលដែនចិន ដោយមិនបាច់ធ្វើទិដ្ឋាការមានចំនួន ៦,៥៧ លាននាក់ ត្រូវជា ៧១.៣ នៃចំនួនអ្នកដំណើរសរុប ។» តាមរយៈទិន្នន័យនេះយើងអាចមើលឃើញថា វិធានការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍ជាតិរបស់ប្រទេសចិន តាមរយៈការលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់ប្រទេសចិនបានរំលេចចេញនូវប្រសិទ្ធភាពយ៉ាងលេចធ្លោ ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិនជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ប្រទេសជាច្រើនលើពិភពលោក ដែលបានរួមចំណែកមួយភាគធំ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ពិភពលោក ។ ក្នុងស្មារតីចែករំលែកកាលានុវត្តភាព អភិវឌ្ឍន៍ជាមួយពិភពលោក ប្រទេសចិនបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរបស់ខ្លួន ចេញទៅធ្វើទេសចរណ៍នៅបរទេស សំដៅរំញោចដល់ទីផ្សារប្រើប្រាស់និងទីផ្សារទេសចរណ៍សកល ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិនឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ មានប្រទេសចំនួន ២៨ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការគ្រប់ជ្រុងជ្រោយ ទៅវិញទៅមកជាមួយប្រទេសចិន ហើយប្រទេសចិន បានលើកលែងទិដ្ឋាការ ដោយឯកតោភាគីចំពោះប្រទេសចំនួន ៣៨ និងអនុញ្ញាតឱ្យអ្នកដំណើរមកពី ប្រទេសចំនួន ៥៤ អាចឆ្លងកាត់ប្រទេសចិនក្នុងរយៈពេល ២៤០ ម៉ោងដោយមិនបាច់ធ្វើទិដ្ឋាការ ។ ជាពិសេស ប្រទេសចិនក៏បានដាក់ចេញ គោលនយោបាយមួយចំនួនទៀតដើម្បីជំរុញលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋរបស់ខ្លួន ចេញទៅធ្វើទេសចរណ៍នៅបរទេស ដូចជាការរៀបចំពិព័រណ៍ទីផ្សារទេសចរណ៍បរទេសជាដើម ដែលមានការចូលរួមផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ ពីសំណាក់ស្ថាប័នទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍នៃប្រទេសជាច្រើននៅប្រទេសចិន ដើម្បីកៀរគរទាក់ទាញទេសចរចិន ទៅកាន់ប្រទេសរបស់ពួកគេ ។

បើតាម«របាយការណ៍ប្រចាំឆ្នាំ ២០២៤ ស្តីពីការអភិវឌ្ឍនៃការធ្វើទេសចរណ៍ នៅបរទេសរបស់ប្រទេសចិន»ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ពលរដ្ឋចិនចំនួន ១៤៦ លាននាក់បានចេញទៅ ធ្វើទេសចរណ៍នៅបរទេស ដែលមានចំនួនជិតស្មើនឹងឆ្នាំ ២០១៩ មុនកើតមានវិបិត្តកូវីដ-១៩។ គោលដៅទេសចរណ៍របស់ពលរដ្ឋចិនកាន់តែមានភាពសម្បូរបែប ពោលគឺមានប្រទេសនិងតំបន់ជាង ២១០ លើពិភពលោកបានក្លាយជាគោលដៅទេសចរណ៍របស់ពលរដ្ឋចិន ។ ក្នុងចំណោមនោះ ប្រទេសដែលបានលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិនទទួលបានចំនួនភ្ញៀវចិនច្រើនជាងគេ ។ បើតាមស្ថិតិ មានប្រទេសឬតំបន់ចំនួន ២០ ដែលបានទទួលភ្ញៀវទេសចរចិន លើសពីខ្ទង់លាននាក់ក្នុងឆ្នាំ ២០២៤ និងប្រទេសនិងតំបន់ចំនួនលើសពី ៦០ បានទទួលភ្ញៀវទេសចរចិនលើសពីខ្ទង់សែននាក់ ដែលធ្វើឱ្យប្រទេសចិនក្លាយជា ទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់អាស៊ី ដែលស្មើនឹង ៣០% នៃចំនួនសរុបនៃអ្នកធ្វើទេសចរណ៍នៅក្រៅប្រទេស ។

ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ មុនពេលផ្ទុះវិបត្តិជំងឺឆ្លងសកល ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរធំបំផុត របស់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ បច្ចុប្បន្ន បើទោះបីជាចំនួនភ្ញៀវទេសចរចិនចូលកម្សាន្តនៅកម្ពុជា នៅមិនទាន់វិលទៅរកសភាពដូចមុនវិបត្តិកូវីដ-១៩ ក្តី ប៉ុន្តែបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ បើតាមលោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា ប្រទេសចិនមានប្រជាជនច្រើននាំឱ្យប្រទេសចិន ក្លាយជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ហើយកម្ពុជារំពឹងថា ឆ្នាំ ២០២៥ នេះ នឹងទទួលបានភ្ញៀវទេសចរចិនជាង ១ លាននាក់ ។

អ្វីដែលគួររំលឹកគឺថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិនបានសន្មតយកឆ្នាំ ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ។ ជឿជាក់ថា តាមរយៈគោលនយោបាយជំរុញលើកទឹកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងភាគីទាំងពីរ កំណើនភ្ញៀវទេសចរចិននៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះមុខជានឹងលើសពីការរំពឹងទុក ហើយនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងបន្តរួមចំណែកសំខាន់សម្រាប់ការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាក់ជាមិនខាន ។

មិនថា «China Travel»«World Travel» ក្តី គោលនយោបាយជំរុញការប្រើប្រាស់ខាងវិស័យទេសចរណ៍របស់ចិន មិនត្រឹមតែរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកសំខាន់សម្រាប់ជំរុញកំណើនសកល ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានសន្ទុះងើបឡើងយឺតផងដែរ ។ វិបុលភាពនៃទីផ្សារទេសចរណ៍មិនត្រឹមតែផ្តល់ នូវផលិតផលវប្បធម៌និងកម្សាន្តដ៏សម្បូរបែបជូនអ្នកផងទាំងពួងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំពេញបន្ថែមកម្លាំងចលករ ដែលមិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលផងដែរ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន