(មូស្គូ)៖ ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានចាប់ផ្តើមការសាងសង់ស្ពានផ្លូវថ្នល់មួយ នៅថ្ងៃពុធ ទី៣០ ខែមេសា ដើម្បីតភ្ជាប់ប្រទេសទាំងពីរ ដោយលាតសន្ធឹងឆ្លងកាត់ទន្លេ Tumen ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានហៅព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការណ៍ដ៏សំខាន់» នៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង។ លោកបានថ្លែងថា សារៈសំខាន់របស់វាគឺ «លើសពីភារកិច្ចវិស្វកម្ម» ព្រោះវាជា «និមិត្តរូបនៃបំណងប្រាថ្នារួមរបស់យើង ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព អ្នកជិតខាងល្អ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរតំបន់»។ ទីភ្នាក់ងារ TASS បានរាយការណ៍ថា ស្ពាននេះត្រូវបានសាងសង់នៅជិត «ស្ពានមិត្តភាព» ដែលជាស្ពានរថភ្លើងមានស្រាប់សាងសង់តាំងពីឆ្នាំ ១៩៥៩។

ស្ពានផ្លូវថ្នល់ថ្មីនេះ ដែលស្ថិតក្រោមការពិភាក្សាអស់ជាច្រើនឆ្នាំ នឹងមានប្រវែង ៨៥០ម៉ែត្រ និងតភ្ជាប់ទៅប្រព័ន្ធផ្លូវជាតិរបស់រុស្ស៊ី។ ការសាងសង់ស្ពាននេះ ត្រូវបានយល់ព្រមក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ ២០២៤។ កាសែត Kommersant របស់រុស្ស៊ីបានរាយការណ៍ថា ស្ពាននេះរំពឹងថានឹងសាងសង់រួចរាល់នៅរដូវក្តៅ ឆ្នាំ ២០២៦។

លោក Mishustin បានបន្ថែមថា ស្ពាននេះនឹងអនុញ្ញាតឲ្យសហគ្រិនបង្កើនបរិមាណដឹកជញ្ជូនទំនិញបានយ៉ាងច្រើន និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ព្រមទាំងធានាការផ្គត់ផ្គង់ផលិតផលផ្សេងៗឲ្យមានស្ថិរភាព ដែលនឹងរួមចំណែកដល់ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ កើតឡើងស្របពេលដែលរុស្ស៊ី និងកូរ៉េខាងជើង កំពុងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យយ៉ាងខ្លាំងក្លា៕