(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានចុះហត្ថលេខាហើយលើកិច្ចព្រមព្រៀងរ៉ែ បន្ទាប់ពីត្រូវបានពន្យារពេលអស់ជាង២ខែមកនេះ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ បានហៅកិច្ចព្រមព្រៀងនេះថាជាទម្រង់ថ្មីមួយនៃការប្ដេជ្ញាចិត្តចំពោះអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ៊ុយក្រែន បាននិយាយថាខ្លួនទទួលបានអត្ថាប្រយោជន៍ដ៏សំខាន់ ក្រោយកិច្ចចរចាដ៏យូរ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យយ៉ាងពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ វិស័យបច្ចេកវិទ្យា។ កាលដើមឡើយ លោក ត្រាំ បានទាមទារសិទ្ធិឱ្យសហរដ្ឋអាមេរិកអាចធ្វើអាជីវកម្មលើធនធានរ៉ែរបស់អ៊ុយក្រែនជាការប៉ះប៉ូវនូវជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនទៅឱ្យអ៊ុយក្រែន នៅក្រោមអាណត្តិនៃអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្រោយសង្រ្គាមផ្ទុះឡើងមក។ ក្រោយស្ទាក់ស្ទើរពីដំបូងដែរ អ៊ុយក្រែនបានទទួលស្គាល់ថាកិច្ចព្រមព្រៀងរ៉ែគឺជាមធ្យោបាយមួយដើម្បីធានានូវការវិនិយោគយូរអង្វែងរបស់សហរដ្ឋអាមេរិក។
នៅក្នុងពេលប្រកាសពីការឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថាកិច្ចព្រមព្រៀងនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំង២ ចំពោះសន្តិភាពយូរអង្វែង និងភាពរុងរឿងនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Bessent បានគូសបញ្ជាក់ដូច្នេះថា «កិច្ចព្រមព្រៀងនេះជាការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់រុស្ស៉ីថារដ្ឋបាលលោក ត្រាំ មានការប្ដេជ្ញាចិត្តចំពោះសន្តិភាពដែលផ្តោតសេរីភាព អធិបតេយ្យ និងភាពរុងរឿងរបស់អ៊ុយក្រែន សម្រាប់រយៈពេលវែង។ វាក៏បង្ហាញយ៉ាងច្បាស់ដែរថាគ្មានរដ្ឋ ឬបុគ្គលណាម្នាក់ដែលបានផ្ដល់ហិរញ្ញវត្ថុ ឬការផ្គត់ផ្គង់ដល់សង្រ្គាមរបស់រុស្ស៉ី នឹងត្រូវបាន អនុញ្ញាតឱ្យទទួលបានផលចំណេញពីការកសាងអ៊ុយក្រែនឡើងវិញនោះទេ»។
គួរបញ្ជាក់ថា នៅឯទីក្រុងកៀវ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmygal បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិថាកិច្ចព្រមព្រៀងរ៉ែគឺជាកិច្ចព្រមព្រៀងដ៏ល្អ ស្មើភាព និងផ្ដល់ផលចំណេញ។ តាមលោក Shmygal អ៊ុយក្រែននឹងមិនត្រូវបានស្នើឱ្យសងបំណុលសហរដ្ឋអាមេរិករាប់ពាន់លានដុល្លារ ជុំវិញជំនួយយោធា និងការគាំទ្រដទៃទៀត ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២នោះឡើយ៕