(សិង្ហបុរី)៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី លោក Lawrence Wong បាននិយាយថា ប្រជាជនសិង្ហបុរីចាំបាច់ត្រូវបោះឆ្នោតឱ្យបេក្ខជនទាំងឡាយណា ដែលបានខិតខំកសាងទំនុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធជាមួយ​សហរដ្ឋអាមេរិកនិងចិន ពោលគឺរូបលោកទទូចអ្នកបោះឆ្នោត ឱ្យផ្តល់ការគាំទ្រចំពោះគណៈរដ្ឋមន្រ្តីលោក ក្នុងការបោះឆ្នោត នាថ្ងៃទី៣ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងទៅកាន់សហជីពដែលមានសមាជិក១.៤លាននាក់ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត លោក Wong បានព្រមានអំពីភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ច រួមនិងការបាត់បង់ការងារ ប្រសិនបើការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ធ្វើឱ្យថយចុះកំណើនសេដ្ឋកិច្ចពិភពលោក។ រដ្ឋាភិបាលរបស់លោក កន្លងមកបានព្រមានរួចហើយថា សេដ្ឋកិច្ចរបស់សិង្ហបុរី​ដែលពឹងផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្ម ប្រហែលត្រូវប្រឈមនឹងឱនភាព។

លោក Wong បានលើកឡើងដូច្នេះថា «យើងចាំបាច់ត្រូវរំពឹងថា នឹងមានសម្ពាធបន្ថែមទៀតមកលើយើង ហើយដើម្បីហែលឆ្លង​សម្ពាធទាំងនោះ គឺនឹងទាមទារបទពិសោធនិងជំនាញ។ វានឹងតម្រូវឱ្យមានរដ្ឋាភិបាល ដែលបានកសាងទំនុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធ ជាមួយសមភាគីទាំងនៅសហរដ្ឋអាមេរិក និងនៅចិន»។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានសង្កត់ធ្ងន់ថា អ្នកបោះឆ្នោតចាំបាច់ត្រូវតែគាំទ្រគណៈរដ្ឋមន្រ្តីទាំងមូលរបស់លោក ឱ្យបន្តជាប់ឆ្នោត ដើម្បីអាចទប់ទល់ដោយ​ប្រសិទ្ធភាព ជាមួយព្យុះភ្លៀងសេដ្ឋកិច្ចទាំងនេះ។

គួរបញ្ជាក់ថា គណបក្សកាន់អំណាច People's Action Party ដែលកាន់អំណាចចាប់តាំងតែពីឆ្នាំ១៩៥៩មក ត្រូវគេរំពឹងទូលំទូលាយថា នឹងបន្តជាប់ឆ្នោតយ៉ាងងាយស្រួល ប៉ុន្តែទន្ទឹមគ្នា ក៏មានភាពមិនពេញចិត្តរីកធំឡើងផងដែរ ជុំវិញការដឹកនាំរបស់បក្សនេះ ចំពោះមុខកំណើននៃថ្លៃចំណាយលើជីវភាពរស់នៅ។ ការបោះឆ្នោតនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គឺជាការបោះឆ្នោតសកល​លើកដំបូងបង្អស់ សម្រាប់លោក Wong ដែលបានឡើងបន្តវេន ពីនាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរឆ្នាំរបស់សិង្ហបុរី គឺលោក Lee Hsieng Loong កាលពីឆ្នាំ២០២៤ ក្នុងនាមជាមេដឹកនាំគណបក្ស People's Action Party៕