(ញូវដែលី)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភានេះថា អ្នករៀបចំផែនការ និងធ្វើការវាយប្រហារនៅតំបន់ Kashmir «ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការវាយប្រហារលើជនស៉ីវិល នៅឯទីក្រុងទេសចរណ៍ Pahalgam ក្នុងតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង កាលពីថ្ងៃទី២២ ខែមេសា បណ្តាលឱ្យបុរស ២៦នាក់ស្លាប់។ លោក Jaishankar បាននិយាយក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីជជែកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកថា «ត្រូវតែនាំ ជនល្មើស អ្នកគាំទ្រ និងអ្នករៀបចំផែនការ យកមកកាត់ទោស»

គួរបញ្ជាក់ថា ទីក្រុងញូវដែលី បានស្តីបន្ទោសប៉ាគីស្ថាន ចំពោះការវាយប្រហារដ៏ព្រៃផ្សៃនេះ ខណៈដែលទីក្រុងអ៉ីស្លាម៉ាបាដ បានបដិសេធ។ ប៉ុន្មានថ្ងៃនេះ ប្រទេសទាំងពីរបានបាញ់កាំភ្លើងតបតដាក់គ្នា ហើយចាត់វិធានការការទូតទៅវិញទៅមក៕