(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បានដាក់ពាក្យលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ហើយការលាលែងនេះត្រូវបានទទួលយក ខណៈដែលសភាជាតិរបស់ប្រទេសនេះកំពុងដំណើរការបោះឆ្នោតលើការចោទប្រកាន់ ដើម្បីទម្លាក់លោកចេញពីតំណែង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុ និងរាយការណ៍បន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បន្ទាប់ពី​ការ​លាលែង​ពី​តំណែង​របស់​លោក Choi ត្រូវ​បាន​ទទួល​យក ការ​បោះឆ្នោត​ដើម្បី​ចោទប្រកាន់​រូបលោក​ពី​បទ​រំលោភ​ច្បាប់​បោះឆ្នោត ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ លោក Choi បាន​ពន្យល់​ដូច្នេះថា «ខ្ញុំ​សុំទោស​ដែល​លាលែង​ពី​តំណែង ដោយសារ​តែ​វា​ពិបាក​ក្នុង​ការ​បន្ត​បំពេញ​ភារកិច្ច​ចំ​ពេល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស»។

ការលាលែងរបស់លោក Choi កើតឡើងចំពេលដ៏រសើបមួយ ខណៈដែលលោកត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីស្តីទីបច្ចុប្បន្ន និងជានាយករដ្ឋមន្ត្រី លោក Han Duck-soo គ្រោងលាលែងពីតំណែង ដែលគេជឿថាដើម្បីត្រៀមឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតខែក្រោយ។

ដោយសារតែការលាលែងរបស់លោក Choi ពេលនេះ តួនាទីជាប្រធានាធិបតីស្តីទី អាចនឹងត្រូវធ្លាក់ទៅលើរដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Ju-ho ដែលនឹងទទួលខុសត្រូវក្នុងការគ្រប់គ្រងដំណើរការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើនៅថ្ងៃទី ៣ ខែមិថុនា ខាងមុខនេះ។

គួរបញ្ជាក់ថា ការលាលែងនេះ បានបន្ថែមភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីអតីតប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូឆ្នាំមុន។ ការផ្លាស់ប្តូរតំណែងកំពូលៗ និងភាពចលាចលផ្នែកនយោបាយនេះ កំពុងកើតមានចំពេលដែលកូរ៉េខាងត្បូងត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីនៅខែក្រោយ៕