(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងរៀបចំការធ្វើព្យុហយាត្រាយោធាមួយ នៅថ្ងៃទី១៤ ខែមិថុនា ដើម្បីប្រារព្ធខួបនៃការបង្កើតកងទ័ពអាមេរិក ហើយដែលព្រឹត្តិការណ៍នេះក៏ត្រូវចំនឹងថ្ងៃខួបកំណើតឈានចូលអាយុ ៧៩ឆ្នាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រី Anna Kelly ជាអ្នកនាំពាក្យម្នាក់របស់សេតវិមាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ ទី២ ខែឧសភាថា លោក ត្រាំ នឹងផ្ដល់កិត្តិយសដល់អតីតយុទ្ធជន កងទ័ពអាមេរិក និងប្រវត្តិសាស្ត្រយោធា ជាមួយនឹងការធ្វើព្យុហយាត្រាយោធាមួយ។ ចំណែក អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី Heather Hagan បានឱ្យដឹងដែរថាបន្ថែមពីការធ្វើព្យុហយាត្រា ការអបអរសាទរដល់ខួបកំណើត ថ្ងៃបង្កើតកងទ័ពអាមេរិក ក៏នឹងត្រូវប្រព្រឹត្តទៅដោយអមជាមួយការបាញ់កាំជ្រួច និងការរៀបចំពិធីមួយនៅឯទីលាន National Mall ផងដែរ។ លោកស្រី Hagan បន្ថែមថាគម្រោងធ្វើព្យុហយាត្រាយោធា កំពុងដំណើរការទៅមុខយ៉ាងសកម្ម ហើយរថពាសដែកជិត ១៥០គ្រឿង យន្ដហោះចម្បាំង ៥០គ្រឿង និងទាហាន ៦៦០០នាក់នឹងចូលរួមក្នុងព្យុហយាត្រា។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានផ្ដួចផ្ដើមគំនិតរៀបចំការធ្វើព្យុហយាត្រាយោធាក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីអាណត្តិទី១របស់លោក បន្ទាប់ពីបានចូលរួមព្យុហយាត្រាក្នុងទិវា Bastille Day ក្នុងប្រទេស បារាំង។ ម្យ៉ាងវិញទៀត ការប្រកាសពីគម្រោងធ្វើព្យុហយាត្រាខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំបាននិយាយថាលោកបានប្រកាសចាត់ទុកថ្ងៃទី៨ ខែឧសភា ជាទិវាជ័យជម្នះក្នុង សង្រ្គាមលោកលើកទី២ ហើយបានផ្លាស់ប្ដូរទិវាអតីតយុទ្ធជន ឬ Veterans Day ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ទៅជាទិវាជ័យជម្នះក្នុងសង្រ្គាមលោកលើកទី១វិញ៕