(ប៉េកាំង)៖ «ការបំផ្លាញនិងភាពច្របូកច្របល់ដែលមិនធ្លាប់មានកាលពីមុន» «ភាពបរាជ័យយ៉ាងខ្លាំង» «រយៈពេលមួយរយថ្ងៃដែលពោរពេញទៅដោយលក្ខណៈបំផ្លាញ»។ល។ ថ្ងៃទី២៩ ខែមេសា រដ្ឋាភិបាលអាមេរិក អាណត្តិនេះបានកាន់អំណាចគម្រប់មួយរយថ្ងៃហើយ ប៉ុន្តែនៅថ្ងៃនេះមិនបានទទួលផ្កាស្រស់និងសំឡេងទះដៃទេ ផ្ទុយទៅវិញនៅក្នុងស្រុក មានការរិះគន់និងថ្កោលទោសយ៉ាងខ្លាំង។ តាមការស្ទង់មតិដែល ប្រព័ន្ធសារព័ត៌មានអាមេរិករួមគ្នារៀបចំធ្វើនៅពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថាអ្នកផ្តល់បទសម្ភាសន៍ចំនួន៥៥ភាគរយបានកាន់អាកប្បកិរិយាបដិសោធចំពោះការកាន់អំណាចរបស់រដ្ឋាភិបាលអាណត្តិនេះ ដែលបានបំបែកកំណត់ត្រាអន់បំផុតក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ។

ចាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលនិងត្រឡប់ទៅសេតវិមានវិញ ដល់បច្ចុប្បន្ននេះ ធ្លាក់ក្នុងភាពជាប់គាំងទាំងកិច្ចការជាតិនិងអន្តរជាតិ គោលនយោបាយនិងវិធានការមួយចំនួនដែលរដ្ឋាភិបាលអាមេរិក អាណតិ្តនេះដាក់ចេញបន្ទាប់ពីឡើងកាន់អំណាចបាននាំមកនូវផលប៉ះពាល់ជាច្រើនដល់ប្រជាជនអាមេរិកនិងសេដ្ឋកិច្ចអាមេរិក។ រដ្ឋាភិបាលអាមេរិកសម្គាល់ឃើញថា ការយកពន្ធគយខ្ពស់ទៅលើដៃគូពាណិជ្ជកម្ម វាអាចជួយឧស្សាហកម្មកម្មន្តសាលឱ្យត្រឡប់ទៅអាមេរិកវិញ ហើយនិងបន្ថែមឱកាសការងារ ប៉ុន្តែការវិនិច្ឆ័យខុសឆ្គងចំពោះបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន និងការឆ្លើយតបដែលផ្ទុយនឹងក្រឹត្យក្រមសេដ្ឋកិច្ច បែរជាបណ្តាលឱ្យ កើតមានការព្រួយបាម្ភក្នុងសង្គម និងការភ័យខ្លាចក្នុងទីផ្សារ ថែមទាំងធ្វើឱ្យខ្លួនធ្លាក់ក្នុងភាពជាប់គាំងកាន់តែធ្ងន់ធ្ងរ។

បើនិយាយចំពោះអាមេរិក ការដំឡើងពន្ធគយចំពោះបរទេសជា «ទង្វើធ្វើបាបខ្លួនឯង» ដ៏សុទ្ធសាធ។ ទិន្នន័យកាន់តែច្រើនឡើងៗបានបញ្ជាក់ពីចំណុចនេះ ការស្ទង់មតិរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក CNN នាពេលថ្មីៗ កន្លងទៅនេះ បានបង្ហាញថាជនជាតិអាមេរិកចំនួន៦០ភាគរយថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកបានបណ្តាលឱ្យថ្លៃដើមនៃជីវភាពរស់នៅឡើងថ្លៃ។ ឥស្សរជនមួយចំនួន ដូចជាលោក Lawrence Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកជាដើមបានព្រមានថាបើសិនជាមិនកែប្រែគោលនយោបាយពន្ធគយ នោះលទ្ធភាពថមថយចុះរបស់សេដ្ឋកិច្ចអាមេរិកនៅពេលអនាគតនឹងលើសពី៦០ភាគរយ ។

មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងរយៈពេលមួយរយថ្ងៃកន្លងទៅនេះ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗចំនួនបីរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះលើសពី៨ភាគរយ សន្ទស្សន៍ដុល្លារអាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយឡែកប័ណ្ណ បំណុលរបស់អាមេរិកក៏ត្រូវអ្នកវិនិយោគបរទេសសម្រុកលក់ រីឯវិស័យពាណិជ្ជកម្មសេវាកម្មក៏បានបាត់បង់ឱកាសការងារដោយសាររងការតបតវិញពីប្រទេសផ្សេងទៀត។ល។ កាសែត « The New York Times »សម្គាល់ឃើញថា «ប្រយុទ្ធរហ័សរយៈពេលមួយរយថ្ងៃ» របស់រដ្ឋាភិបាលអាមេរិកប្រហែលនឹងនាំមកនូវ «ការថមថយចុះជាប្រវតិ្តសាស្ត្រ» ដល់អាមេរិក។ ប្រឈមមុខនឹងអនុត្តរភាពនិយម ការបន្ធូរបន្ថយគោលជំហរគឺ គ្មានច្រកចេញទេ។

ក្នុងរយៈពេលមួយរយថ្ងៃកន្លងទៅនេះ ប្រទេសជាច្រើនលើពិភពលោកបានធ្វើពហិការយ៉ាងដាច់ខាតចំពោះអនុត្តរភាពពន្ធគយរបស់អាមេរិក។ ប្រទេសចិនបានចាត់វិធានការតបតវិញមុនគេ ប្រការនេះមិនត្រឹមតែបាន គាំពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បានគាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាសមភាពនិងយុត្តិធម៌អន្តរជាតិផងដែរ។ «ភាពច្របូកច្របល់រយៈពេលមួយរយថ្ងៃ»របស់អាមេរិកបានបំផុសគំនិតដល់មនុស្សទាំងឡាយថា «ច្បាប់ព្រៃ» មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជនទេ អនុត្តរភាពនិយមមិនអាចធ្វើតាមតែទំនើងចិត្ត ហើយចរន្តនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច មិនអាចដើរបញ្ច្រាសបានឡើយ ការបើកទូលាយ ធ្វើកិច្ចសហប្រតិបតិ្តការ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះទើបជាផ្លូវដ៏ត្រឹមត្រូវ៕

វិទ្យុមិត្តភាពកម្ពុជាចិន