(សិង្ហបុរី)៖ ការរាប់សន្លឹកឆ្នោតកំពុងដំណើរការ ខណៈដែលសិង្ហបុរីកំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតសកលរបស់ខ្លួន ដែលជាការធ្វើតេស្តលើកដំបូងសម្រាប់នាយករដ្ឋមន្ត្រី លោក Lawrence Wong។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥។

យោងតាមលទ្ធផលបឋម​ គណបក្សកាន់អំណាច Singapore's People's Action Party (PAP) កំពុងនាំមុខគេនៅក្នុងការរាប់សន្លឹកឆ្នោត។ ការរាប់សន្លឹកឆ្នោតនៅមណ្ឌលចំនួន ១៥ក្នុងចំណោមមណ្ឌលបោះឆ្នោតចំនួន ៣២ បង្ហាញថាគណបក្ស PAP បានឈ្នះទាំងអស់។ ចំណែក​ គណបក្សប្រឆាំង Workers' Party បានឈ្នះក្នុងមណ្ឌលបោះឆ្នោតមួយ ដែល ៥អាសនៈនៅក្នុងសភា។

គួរបញ្ជាក់ថា ប្រហែល ៨២ភាគរយនៃអ្នកដែលមានសិទ្ធិបោះឆ្នោត បានមកធ្វេីការបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលលើកទី ១៤របស់ប្រទេសសិង្ហបុរី នាថ្ងៃសៅរ៍ ទី៣ ខែឧសភានេះ។ តាមនាយកដ្ឋានបោះឆ្នោតសិង្ហបុរី (ELD) ប្រជាជនសិង្ហបុរីចំនួន ២ ១៦៤ ៥៩៣នាក់បានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ១ ២៤០នៅទូទាំងប្រទេស៕