(ម៉ិកស៉ីកូស៉ីធី)៖ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើបញ្ជូនកងទ័ពអាមេរិកមកកាន់ម៉ិកស៉ិក ដើម្បីជួយប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មគ្រឿងញៀន ប៉ុន្តែលោកស្រីបានបដិសេធសំណើនោះ ព្រោះ «អធិបតេយ្យជាតិមិនមែនសម្រាប់លក់»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោកស្រី Sheinbaum គឺជាការឆ្លើយតបចំពោះសំណួរមួយ ស្តីអំពីសេចក្តីរាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃទី២ ខែឧសភា ដែលថា លោក ត្រាំ កំពុងដាក់សម្ពាធឱ្យម៉ិកស៉ិកអនុញ្ញាត ការចូលពាក់ព័ន្ធស៉ីជម្រៅពីសំណាក់យោធាអាមេរិក ប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីបង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀនឆ្លងព្រំប្រទល់ រវាងប្រទេសទាំងពីរ។

លោកស្រីប្រធានាធិបតីម៉ិកស៉ិក បានអះអាងដូច្នេះថា «អំឡុងកិច្ចសន្ទនាទូរសព្ទមួយ លោក ត្រាំ បាននិយាយថា 'តើខ្ញុំអាចជួយ​អ្នកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនដោយរបៀបណា? ខ្ញុំចង់ស្នើបញ្ជូនកងទ័ពអាមេរិកទៅជួយអ្នក' ប៉ុន្តែខ្ញុំបានប្រាប់តបទៅលោក ត្រាំ វិញថា 'អត់ទេលោកប្រធានាធិបតី ត្រាំ បូរណភាពទឹកដីនិងអធិបតេយ្យជាតិ គឺជារឿងសំខាន់ខ្លាំងណាស់ មិនមែនសម្រាប់លក់ទេ ប៉ុន្តែសម្រាប់ស្រឡាញ់និងថែរក្សាការពារ'»។ លោកស្រី Sheinbaum បានសង្កត់ធ្ងន់ថា ខណៈឞ្រទេសទាំងពីរអាចសហការគ្នា ប៉ុន្តែប្រទេសរបស់លោកស្រី គ្មានថ្ងៃទទួលយកដាច់ខាត នូវវត្តមានរបស់យោធាអាមេរិក ក្នុងទឹកដីរបស់ខ្លួន។

លោកស្រី Sheinbaum បានបន្ថែមថា អំឡុងកិច្ចសន្ទនាទូរសព្ទមួយទៀត លោកស្រី ក៏បានស្នើឱ្យលោក ត្រាំ ជួយទប់ស្កាត់កុំឱ្យ​អាវុធហូរចូលម៉ិកស៉ិកពីសហរដ្ឋអាមេរិកផងដែរ ដែលបានដុតបញ្ឆេះអំពើហិង្សា និងបង្កើនសកម្មភាពជួញដូរគ្រឿងញៀន។ លោក បាននិយាយថា «យើងអាចសហការគ្នា អាចធ្វើការជាមួយគ្នាបាន ប៉ុន្តែអ្នកធ្វើនៅខាងទឹកដីរបស់អ្នក យើងធ្វើនៅខាងទឹកដីរបស់យើង»

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់និយាយជាសាធារណៈថា សហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពយោធាឯកតោភាគី ប្រសិនបើម៉ិកស៉ិក បរាជ័យក្នុងការបោសសំអាតក្រុមឧក្រិដ្ឋជនគ្រឿងញៀន។ មេដឹកនាំទាំងពីរធ្លាប់បាននិយាយគ្នាតាមទូរសព្ទប៉ុន្មានលើក អំឡុងពេល​ប៉ុន្មានខែកន្លងមកនេះ ដើម្បីជជែកអំពីបញ្ហាសន្តិសុខ ពាណិជ្ជកម្ម និងអន្តោប្រវេសន៍។ កាលពីខែកុម្ភៈ សហរដ្ឋអាមេរិក បានកត់ឈ្មោះក្រុម Sinaloa Cartel រួមទាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀនម៉ិកស៉ិកដទៃទៀត ចូលបញ្ជីអង្គការភេរវករសកល៕