(ព្យុងយ៉ាង)៖ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ច នៅរោងចក្រផលិតរថក្រោះដ៏សំខាន់មួយកន្លែង ហើយបានស្ងើចសរសើរអំពីវឌ្ឍនភាពយ៉ាងល្អប្រសើរនៃបច្ចេកវិទ្យារថក្រោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។
ទស្សនកិច្ចរបស់លោក គីម របស់នៅរោងចក្រផលិតរថក្រោះខាងលើ គឺស្របពេលដែលប្រទេសកូរ៉េខាងជើង កំពុងជំរុញកិច្ចប្រឹងប្រែងធ្វើទំនើបកម្មកងកម្លាំងសព្វាវុធទូទៅ បន្ថែមពីលើកងកម្លាំងមីស៉ីលនិងនុយក្លេអ៊ែររបស់ខ្លួន។ មួយរយៈចុងក្រោយនេះ លោក គីម បានចូលរួមពិធីសម្ពោធានាវាចម្បាំងទំនើបថ្មី និងការធ្វើតេស្តយន្តហោះដ្រូនថ្មីៗ ក្នុងចំណោមសព្វាវុធផ្សេងៗទៀត។
គួរបញ្ជាក់ថា ក្រុមមន្រ្តីកូរ៉េខាងត្បូងនិងអាមេរិក មានការសង្ស័យថា កូរ៉េខាងជើងប្រហែលជា កំពុងទទួលបានការគាំទ្រផ្នែកបច្ចេកទេសនិងយោធាមួយចំនួន ពីប្រទេសរុស្ស៉ី ជាថ្នូរសម្រាប់ការបញ្ជូនគ្រាប់រំសេវ មីស៉ីល និងកងទ័ព ទៅជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានភស្តុតាងរឹងមាំច្បាស់លាស់នោះទេ៕