(Reuters)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីប៉ាគីស្ថានរបស់លោក កាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា និងបានលើកឡើងថារុស្ស៉ី ត្រៀមលក្ខណៈជាស្រេច ដើម្បីជួយដោះស្រាយភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន ជុំវិញតំបន់កាស្មៀរ (Kashmir)។ នេះបើតាមក្រសួងការបរទេសរុស្ស៉ី ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «រុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយស្វែងរកដំណោះស្រាយនយោបាយមួយ ដើម្បីដោះស្រាយភាពតានតឹងដែល បង្កឡើងដោយការវាយប្រភេរវកម្មកាលពីថ្ងៃទី២២ ខែមេសា ក្នុងទីក្រុង Pahalgam នៃតំបន់កាស្មៀរ (ប៉ែកខាងគ្រប់គ្រងដោយឥណ្ឌា)» ប្រសិនបើវាជាការចង់បានពីភាគីទីក្រុងអ៉ីស្លាម៉ាបាដ និងទីក្រុងញូវដែលី»

គួរបញ្ជាក់ថា កិច្ចសន្ទនារបសលោក Sergei Lavrov ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខការទូតរុស្ស៉ីរូបនេះបានសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ដោយក៏បានអំពាវនាវឱ្យមានការដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសជិតខាងទាំង២ដែលសុទ្ធសឹងតែមានអាវុធនុយក្លេអ៊ែរ ផងដែរ។ ការវាយប្រហារនៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា បានសម្លាប់មនុស្ស២៦នាក់ ដែលភាគច្រើនលើសលុបជាភ្ញៀវទេសចរឥណ្ឌា។ ឥណ្ឌាបានចោទ ថាប៉ាគីស្ថានជាអ្នកគាំទ្រការវាយប្រហារនេះ តែប៉ាគីស្ថានបានបដិសេធ៕