(ប្រាក)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា បាននិយាយថាបទឈប់បាញ់មួយជាមួយរុស្ស៉ី អាចធ្វើឡើងនៅពេលណាក៏បាន ហើយបានអំពាវនាវឱ្យ សម្ព័ន្ធមិត្តរបស់ទីក្រុងកៀវដាក់សម្ពាធជាអតិបរមាលើទីក្រុងមូស្គូឱ្យអនុវត្តតាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅឯសន្នីសីទសារព័ត៌មានរួមមួយក្នុងទីក្រុងបា្រក ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Petr Pavel។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថាលុះត្រាតែបង្កើនការដាក់សម្ពាធ បើពុំដូច្នោះទេ លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចាត់វិធានការសកម្មភាពជាក់ស្ដែងដើម្បីបិទបញ្ចប់សង្រ្គាមទេ។ «យើងជឿជាក់ថាបើមិនមានការបង្កើនដាក់ សម្ពាធទេ នោះរុស្ស៉ីនឹងមិនចាត់វិធានការជាក់ស្ដែងដើម្បីបិទបញ្ចប់សង្រ្គាមឡើយ។ ថ្ងៃនេះគឺជាថ្ងៃទី៥៤ ដែលរុស្ស៉ីមិនអើពើនឹងសំណើបទឈប់បាញ់ពេញលេញមួយរបស់សហរដ្ឋអាមេរិក»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។

លោក ហ្សេលេនស្គី បន្ថែមទៀតថា «យើងជឿថាបទឈប់បាញ់មួយអាចធ្វើនៅពេលណាក៏បាន ឬអាចនៅថ្ងៃនេះក៏ថាបាន ហើយបទឈប់បាញ់នេះនឹងមានរយៈពេលយ៉ាងហោច ៣០ថ្ងៃ ដើម្បីទុកឱកាស ពិតប្រាកដដល់ការទូត»

គួរបញ្ជាក់ថា លោក ពូទីន កាលពីសប្ដាហ៍មុន បានប្រកាសពីបទឈប់បាញ់រយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា នាឱកាសនៃការរៀបចំពិធីរំលឹកខួបលើកទី៨០ នៃទិវាជ័យជម្នះរបស់អតីតសហភាពសូវៀត នៅក្នុងសង្រ្គាមលោកលើកទី២ លើរបបណាហ្ស៉ីអាល្លឺម៉ង់។ ប៉ុន្តែ លោក ហ្សេលេនស្គី បានច្រានចោលបទឈប់បាញ់នេះ ដោយលោកចង់ឱ្យរុស្ស៉ីទទួលយក ដោយគ្មានលក្ខខណ្ឌនូវបទឈប់បាញ់យ៉ាងហោច ៣០ថ្ងៃស្នើឡើងដោយសហរដ្ឋអាមេរិកកាលពីខែមីនា៕