(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក Stephen Miller កំពុងជាបេក្ខភាពនាំមុខគេ ដែលអាចនឹងត្រូវតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិថ្មី ក្រោយការចាកចេញរបស់លោក Mike Waltz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបណ្តេញលោក Waltz ចេញពីតំណែង ហើយឱ្យរដ្ឋមន្រ្តីការបរទេសលោក Marco Rubio ឡើងមកកាន់ជំនួសជាបណ្តោះអាសន្ន។ ស្របពេលដែលក្រុមមន្រ្តីអាមេរិក រំពឹងថា លោក ត្រាំ ទំនងជានឹងប្រញាប់រកអ្នកថ្មី មកកាន់តំណែងនេះជាអចិន្រ្តៃយ៍ក៏ដោយនោះ លោកប្រធានាធិបតីអាមេរិក បានបង្ហើបឱ្យដឹងថា រូបលោករំពឹងតែងតាំងទីប្រឹក្សាសន្តិសុខជាថ្មី នៅក្នុងរយៈពេល៦ខែ ហើយតំណែងនោះអាចបានទៅលោក Miller។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក Stephen Miller មានតួនាទីជាជា នាយរងខុទ្ទកាល័យសេតវិមាន ទទួលបន្ទុកគោលនយោបាយ។ កាលពីអំឡុងអាណត្តិទី១ (២០១៧-២០២១) លោក Miller ក៏ធ្លាប់កាន់តួនាទីជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់ នៅសេតវិមានផងដែរ៕