(ប៉េកាំង)៖ មុនពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី និងអញ្ជើញចូលរួមពិធីអបអរសាទរដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ ក្នុងសង្រ្គាមការពារជាតិដ៏មហិមារបស់សហភាពសូវៀត ព្រឹតិ្តការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើម របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសរុស្ស៊ី បានចាប់ដំណើរការនៅក្រុងមូស្គូ នៅពេលថ្មីៗកន្លងទៅនេះ។ កម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនចំនួនជាង១០ ដូចជា «អ្នកអភិរក្សបេតិកភណ្ឌ» និង «ឈ្វេងយល់ពីប្រទេសចិន៖ មាគ៌ាទំនើបកម្មដ៏ពិសេស» ជាដើម នឹងចាក់ផ្សាយជាបន្តបន្ទាប់នតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសរុស្ស៊ី។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ។ លោក Shen Haixiong បានថ្លែងថា តាំងពីចូលឆ្នាំនេះមក លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានធ្វើការប្រាស្រ័យទាក់ទង ជាយុទ្ធសាស្ត្រពីរលើក ដោយបានលើកឡើងថា ចិននិងរុស្ស៊ីជាអ្នកជិតខាងដែលស្ថិតស្ថេរជាមួយគ្នា ជាមិត្តពិតប្រាកដ ដែលរួមសុខរួមទុក្ខ ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក និងអភិវឌ្ឍជាមួយគ្នា។

ឆ្នាំនេះ ជា “ឆ្នាំវប្បធម៌ចិននិងរុស្ស៊ី” អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការជាមួយប្រព័ន្ធសារព័ត៌មានរុស្ស៊ី ដើម្បីរួមគ្នារៀបចំព្រឹតិ្តការណ៍ចាក់ផ្សាយលើកនេះ គឺជាវិធានការជាក់ស្តែង ដើម្បីអនុវត្តគំនិតឯកភាពរួម របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រឹងមូលដ្ឋានឆន្ទៈប្រជាជន នៃចំណងមិត្តភាពរវាងចិននិងរុស្ស៊ីផងដែរ ។ ទស្សនិកជនទាំងឡាយនៃប្រទេសរុស្ស៊ី អាចឈ្វេងយល់ពីការអនុវត្តជាក់ស្តែង ប្រកបដោយការច្នៃប្រឌិតថ្មី ស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន តាមរយៈកម្មវិធីដ៏ឆ្នើម ដូចជា «អ្នកអភិរក្សបេតិកភណ្ឌ» និង «ឈ្វេងយល់ពីប្រទេសចិន៖ មាគ៌ាទំនើបកម្មដ៏ពិសេស» ជាដើម ក្នុងន័យយល់ដឹងពី ភាពរស់រវើកនៃប្រទេសចិនក្នុងយុគសម័យថ្មី និងភាពទាក់ទាញដ៏ពិសេសរបស់វប្បធម៌ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន