(អ៊ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានអំពាវនាវឲ្យឥណ្ឌា និងប៉ាគីស្ថាន អនុវត្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត​ ខណៈដែលលោកបានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់ដំណើរទស្សនកិច្ចមួយថ្ងៃ ចំពេលដែលប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរកំពុងចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការវាយប្រហារដ៏សាហាវមួយនៅតំបន់កាស្មៀរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

ភាព​តានតឹង​បាន​កើនឡើង ក្រោយ​មាន​ការ​វាយប្រហារ​លើ​ភ្ញៀវទេសចរ​កាលពី​ខែ​មុន។ ឥណ្ឌា​បាន​ចោទ​ប៉ាគីស្ថាន​ថា​ជា​អ្នក​ទទួលខុសត្រូវ ប៉ុន្តែ​ប៉ាគីស្ថាន​បាន​បដិសេធ។ ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Abbas Araqchi បាន​ថ្លែង​នៅ​ពេល​ទៅដល់ថា លោក​ទទួល​បាន​ព័ត៌មាន​ថា ប៉ាគីស្ថាន​មាន «ចារកម្ម​គួរ​ឲ្យ​ទុកចិត្ត» ដែល​បង្ហាញ​ថា​ឥណ្ឌា​គ្រោង​នឹង​បើក​ប្រតិបត្តិការ​យោធា​ដែល​អាច​បង្ក​ជា​សង្គ្រាម។

ប៉ាគីស្ថានមិនបានបញ្ជាក់ច្បាស់ថា ការប្រឈមមុខដាក់គ្នានេះជាមូលហេតុចម្បងនៃទស្សនកិច្ចនេះទេ ប៉ុន្តែឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Reza Amiri Moghadam បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា បញ្ហានេះនឹងស្ថិតក្នុងរបៀបវារៈ ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់អ៊ីរ៉ង់ជាមួយប្រទេសទាំងពីរ។ លោក Araqchi ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះផងដែរ។

ការិយាល័យ​ការបរទេស​ប៉ាគីស្ថាន​បាន​និយាយ​ថា ខ្លួន​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​ទាក់ទង​នឹង​ស្ថានការណ៍​បច្ចុប្បន្ន ដោយ​បាន​ទាក់ទង​ទៅប្រទេសមួយចំនួន និង​បាន​ណែនាំ​បេសកជន​របស់​ខ្លួន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​​ ឲ្យ​ស្វែងរក​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ។ ព្រមជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បាន​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​សមភាគី​រុស្ស៊ី លោក Sergey Lavrov ដែល​លោក Lavrov បាន​សម្ដែង​ការ​ព្រួយបារម្ភ និង​ជំរុញ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​ការ​ដោះស្រាយ​តាម​ផ្លូវ​ការទូត។

ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសឥណ្ឌាមិនទាន់ធ្វើអត្ថាធិប្បាយទេ។ កន្លងមក ឥណ្ឌាតែងតែច្រានចោលការសម្រុះសម្រួលពីភាគីទីបីក្នុងបញ្ហាកាស្មៀរ ដែលជាតំបន់ភ្នំហិម៉ាល័យមានជម្លោះរវាងប្រទេសទាំងពីរ និងជាចំណុចស្នូលនៃសង្គ្រាម និងការប្រឈមមុខដាក់គ្នាជាច្រើនលើក។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអ៊ីរ៉ង់ គឺជាកិច្ចប្រឹងប្រែងការទូតចុងក្រោយបង្អស់ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង ដែលកំពុងតែគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់អាស៊ីខាងត្បូង៕