(ប៉ារីស)៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ រួមមាន Air France និង Lufthansa បានសម្រេចចិត្តបញ្ចៀសការហោះហើរកាត់ដែនអាកាសប៉ាគីស្ថាន ដោយសារតែហានិភ័យខ្ពស់ នៃការប៉ះទង្គិចផ្នែកយោធារវាងឥណ្ឌា និងប៉ាគីស្ថាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន និងទិន្នន័យតាមដានការហោះហើរនៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥។
ទាំងក្រុមហ៊ុន Lufthansa Group (រួមទាំង Swiss) និង Air France បានបញ្ជាក់ពីការផ្អាកប្រើប្រាស់ដែនអាកាសប៉ាគីស្ថាន «រហូតដល់មានការជូនដំណឹងបន្ថែម» ដោយសារភាពតានតឹង។ ទិន្នន័យតាមដានការហោះហើរ បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដូចជា British Airways និង Emirates ក៏ហាក់ដូចជាកំពុងជ្រើសរើសផ្លូវវាងផងដែរ ដែលនាំឲ្យការធ្វើដំណើរត្រូវចំណាយពេលយូរជាងមុនគួរឲ្យកត់សម្គាល់។
ការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទាំងនេះ អាចនឹងធ្វើឲ្យប៉ាគីស្ថានខាតបង់ប្រាក់ចំណូលយ៉ាងច្រើនពីថ្លៃសេវាហោះហើរកាត់ ដែលជាការប៉ះពាល់មួយបន្ថែមទៀត ខណៈដែលទុនបម្រុងបរទេសរបស់ប្រទេសនេះកំពុងមានកម្រិតទាបស្រាប់។ អ្នកវិភាគព្រមានពី «ផលប៉ះពាល់ខ្លាំង» ដល់ចំណូលរបស់ប៉ាគីស្ថាន។ ទោះជាយ៉ាងណា អាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថានមិនបានធ្វើអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា ការគេចវាងដែនអាកាសនេះ គឺជាផលវិបាកដោយផ្ទាល់នៃភាពតានតឹងដែល កើនឡើងខ្លាំងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារនៅតំបន់កាស្មៀរកាលពីខែមុន៕