(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា ថា លោកកំពុងណែនាំឲ្យការិយាល័យពន្ធនាគារសហព័ន្ធ (BOP) ធ្វើការសាងសង់ឡើងវិញ និងបើកដំណើរការឡើងវិញនូវពន្ធនាគារ Alcatraz ដ៏ល្បីល្បាញ ដើម្បី «ឃុំខ្លួនឧក្រិដ្ឋជនដែលឃោរឃៅ និងហិង្សាបំផុតរបស់អាមេរិក»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា «សាងសង់ និងបើក ALCATRAZ ឡើងវិញ!... កាលពីអតីតកាល ពេលដែលប្រទេសយើងម៉ឺងម៉ាត់ជាងនេះ យើងមិនស្ទាក់ស្ទើរក្នុងការចាប់ឧក្រិដ្ឋជនគ្រោះថ្នាក់បំផុតដាក់គុកទេ»។ នៅពេលត្រឡប់មកដល់សេតវិមានវិញ លោកបានប្រាប់អ្នកសារព័ត៌មានថា វា «គ្រាន់តែជាគំនិតដែលខ្ញុំមាន» ហើយលោកបានសម្រេចចិត្តធ្វើវា ដោយចាត់ទុកវាជា «និមិត្តរូបនៃច្បាប់ និងសណ្ដាប់ធ្នាប់»។

ពន្ធនាគារសហព័ន្ធ Alcatraz ដែលមានទីតាំងលើកោះមួយក្នុងឈូងសមុទ្រ San Francisco ធ្លាប់ឃុំខ្លួនឧក្រិដ្ឋជនល្បីៗដូចជា Al Capone មុនពេលត្រូវបានបិទនៅឆ្នាំ ១៩៦៣។ វាត្រូវបានគេចាត់ទុកថាជាគុកដែលមានសុវត្ថិភាពបំផុតមួយ ដោយសារទីតាំងដាច់ស្រយាល និងចរន្តទឹកសមុទ្រខ្លាំង ហើយមិនមានកំណត់ត្រាផ្លូវការនៃការរត់គេចខ្លួនដោយជោគជ័យឡើយ។ បច្ចុប្បន្ន វាជាគោលដៅទេសចរណ៍ និងជាផ្នែកមួយនៃឧទ្យានជាតិដ៏ពេញនិយម។

យោងតាមគេហទំព័ររបស់ការិយាល័យពន្ធនាគារសហព័ន្ធ (BOP) ពន្ធនាគារ Alcatraz ត្រូវបានបិទដោយសារតែចំណាយប្រតិបត្តិការខ្ពស់ពេក គឺជិតបីដងនៃពន្ធនាគារសហព័ន្ធដទៃទៀត។

គួរបញ្ជាក់ថា បទបញ្ជានេះតម្រូវឲ្យ BOP ធ្វើការជាមួយក្រសួងយុត្តិធម៌ FBI និងក្រសួងសន្តិសុខមាតុភូមិ ដើម្បីអនុវត្តផែនការបើកពន្ធនាគារ Alcatraz ឡើងវិញ ដែលអាចនឹងត្រូវការចំណាយ និងការអនុម័តបន្ថែមទៀត៕