(វ៉ាស៊ីនតោន)៖ ចាប់តាំងពីឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក២ផ្សេងគ្នា គឺលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន បានចាត់ទុកចិនជាសត្រូវទី១របស់សហរដ្ឋអាមេរិក។ យោធា សេដ្ឋកិច្ច​ និងរដ្ឋាភិបាលរបស់ សហរដ្ឋអាមេរិកត្រូវបានផ្លាស់ប្ដូរតាមរយៈការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះ ទោះជាសហរដ្ឋអាមេរិកសព្វថ្ងៃជាប្រទេសមួយដែលមានការបែកបាក់ខាងនយោបាយយ៉ាងស៊ីជម្រៅក៏ពិតមែន ក៏ចំពោះគោលនយោបាយប្រឆាំងចិនបានស្ថិតនៅក្នុងចំណោមគោលនយោបាយមួយចំនួនតូចដែលទទួលបានការគាំទ្រពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។​ ប៉ុន្តែតើគោលនយោបាយទាំងនោះមាន ប្រសិទ្ធភាពក្នុងការទប់ស្កាត់ការកើនឡើងឥទ្ធិពលចិនដែរឬទេ?

* ការរះឡើងរបស់ចក្រភពចិន
ការប្រកួតប្រជែងជាមួយចិន បានក្លាយជាបេះដូងនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៧ នៅពេលលោក ត្រាំ បានចាត់ទុកចិត្តជាសត្រូវទី១ដែលមានសមត្ថភាពកែប្រែសណ្ដាប់ធ្នាប់គ្រប់គ្រង ដោយសហរដ្ឋអាមេរិក និងបំផ្លាញផលប្រយោជន៍របស់អាមេរិក។ ការប្រជែងរវាងចិន និងអាមេរិកត្រូវបានគេប្រដូចទៅនឹងការប្រកួតប្រជែងរវាងមហាអំណាចកំពុងការពារអំណាច និងមហាអំណាចមួយដែលកំពុង រះឡើង ហើយការប្រជែងជាមួយអាមេរិកនេះដែរមានជាប់ពាក់ព័ន្ធនឹងមហិច្ឆតាយុទ្ធសាស្ត្រយូរអង្វែងរបស់ចិន និងថ្នាក់ដឹកនាំចិន។ នៅពេលប្រកាសពី «ក្ដីសុបិនរបស់ចិន» កាលពីឆ្នាំ២០១២ ដែលមានន័យថាជាការ ធ្វើឱ្យ​ប្រទេសចិនរស់ឡើងវិញ ឬការធ្វើយុវកម្មប្រទេសចិន លោក ស៊ី ជីនពីង បាននិយាយថាចិនធ្លាប់ជាចក្រភពដ៏អស្ចារ្យមួយរបស់ពិភពលោក ហើយថាចិនត្រូវតែរកភាពអស្ចារ្យនេះមកវិញ។ ចាប់តាំងពី គណបក្សកុម្មុយនិស្ដចិនឡើងកាន់អំណាចដឹកនាំប្រទេសក្នុងឆ្នាំ១៩៤៩ ថ្នាក់ដឹកនាំបក្សជឿជាក់ថាប្រទេសរបស់ពួកគេអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចលេខ១ នៅលើពិភពលោក នៅថ្ងៃណាមួយ។ តួយ៉ាង អតីតមេដឹកនាំគណបក្សកុម្មុយនិស្តចិន លោក Deng Xiaoping បាននិយាយក្នុងឆ្នាំ១៩៨៩ថាសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសូវៀតកំពុងឈានទៅរកការបិទបញ្ចប់ ប៉ុន្តែសង្រ្គាមត្រជាក់មួយរវាងអាមេរិក និងចិនបានចាប់ផ្តើមឡើងរួចទៅហើយ។

អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ចិនបានកសាងសមត្ថភាពដើម្បីយកជ័យជម្នះនៅក្នុងការប្រកួតប្រជែង ដោយការពង្រឹងសមត្ថភាពយោធាចាប់មានសន្ទុះខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ចំណែកអាមេរិកវិញ ក៏មិនទំនេរដៃដែរ។ ក្រោយសង្រ្គាមត្រជាក់ជាមួយសូវៀតបិទបញ្ចប់ សហរដ្ឋអាមេរិកបានបន្តធ្វើពាណិជ្ជកម្មជាមួយចិន។ តែក្នុងពេលដំណាលគ្នា អាមេរិកប្រឹងប្រែងពង្រឹងសម្ព័ន្ធមិត្ត និងអំណាចយោធាក្នុងតំបន់ ប៉ាស៊ីហ្វិកដើម្បីតាមឃ្លាំមើលសកម្មភាពរបស់ចិន។ សហរដ្ឋអាមេរិកបានជួយចិនក្នុងការបើកទីផ្សារសេរី គឺមានបំណងទប់ស្កាត់ការកើនឡើងឥទ្ធិពលចិនដោយចង់ចងភ្ជាប់ចិនជាមួយសណ្ដាប់ធ្នាប់ពិភពលោកដឹកនាំ ដោយសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ នៅទីបំផុតសហរដ្ឋអាមេរិកមិនអាចចងចិនភ្ជាប់ជាមួយសណ្ដាប់ធ្នាប់ពិភពលោករបស់ខ្លួនបាននោះទេ ហើយឥលូវចិនត្រូវបានគេទទួលស្គាល់ថាជាមហាអំណាចតែមួយគត់ដែលមាន សមត្ថភាពកែប្រែសណ្ដាប់ធ្នាប់ដឹកនាំដោយអាមេរិកទាំងនៅអាស៊ី និងនៅជុំវិញពិភពលោក។

* សកលភាវូបនីយកម្មស្លាប់បាត់ទៅហើយ
អ្វីដែលគេពិបាកនឹងប្រកែក គឺសង្រ្គាមត្រជាក់ថ្មីបានសម្លាប់សកលភាវូបនីយកម្មទៅហើយ ដែលការឈ្នះមានន័យថាជាការផ្លាស់ប្ដូរពី «ពិភពលោកមួយ ទៅជាពិភពលោក២ (អាមេរិក និងចិន)»។ ការប្រកួតប្រជែង រវាងអាមេរិក និងចិនមានមូលដ្ឋានលើការប្រកួតប្រជែងបច្ចេកវិទ្យា និងសេដ្ឋកិច្ច។ អំណាចសេដ្ឋកិច្ចជួយជំរុញអំណាចយុទ្ធសាស្ត្រ ហើយអ្នកដែលក្ដាប់បច្ចេកវិទ្យាសំខាន់ៗ ឬនាំមុខខាងបច្ចេកវិទ្យា អ្នកនោះនឹងក្លាយជា អ្នកគ្រប់គ្រងពិភពលោក។ ចិនសព្វថ្ងៃកំពុងប្រឹងប្រែងដើម្បីគ្រប់គ្រងលើបច្ចេកវិទ្យាសំខាន់ៗ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ចិនបានប្រើប្រាស់ទីផ្សារដ៏ធំសម្បើមរបស់ខ្លួន និងក្នុងនាមជារោងចក្ររបស់ពិភពលោក ដើម្បីជះឥទ្ធិពលរបស់ខ្លួនលើបណ្ដាប្រទេសដទៃ។ សហរដ្ឋអាមេរិកបានឆ្លើយតប ដោយការដំឡើងការយកពន្ធគយ រឹតត្បិតលើនាំចេញ និងប្រើអាវុធនៃសង្រ្គាមសេដ្ឋកិច្ចមួយចំនួនទៀត។ ការប្រកួតគ្នាខាងបច្ចេកវិទ្យា និងពាណិជ្ជកម្ម ជាការប្រជែងគ្នាដើម្បីអង្គុយតំណែងជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក ហើយវាក៏ជាសមរភូមិមួយដើម្បីជះឥទ្ធិពលលើប្រទេសដទៃផងដែរ។ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ លោក ស៊ី ជីនពីង បានប្រើប្រាស់កម្ចី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសដទៃឈរនៅខាងចិន ឬធ្វើឱ្យពួកគេខ្វះចិនមិនបាន។ ជាឧទាហរណ៍ បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ជាមធ្យោបាយមួយដែលចិនជះឥទ្ធិពលលើបណ្ដាប្រទេសនៅជុំវិញពិភពលោក។

* បង្កើតសម្ព័ន្ធមិត្ត និងបំបែកបំបាក់សម្ព័ន្ធមិត្ត
ការប្រកួតប្រជែងរវាងមហាអំណាចគឺជាការប្រជែងនៅក្នុងការបង្កើតសម្ព័ន្ធមិត្ត និងបំបែកបំបាក់សម្ព័ន្ធមិត្ត។ តាមលោក Hal Brands ជាអ្នកជំនាញខាងគោលនយោបាយអាមេរិក មកពីស្ថាប័ន American Enterprise Institute គ្រប់ផ្នែកនៃគោលនយោបាយអាមេរិកចំពោះចិននឹងដំណើរទៅយ៉ាងល្អប្រសើរ ប្រសិនបើអាមេរិកមានមិត្តខ្លាំងឈរនៅខាងខ្លួន។ កាលពីជាងមួយទសវត្សរ៍ សហរដ្ឋអាមេរិកបាននាំមុខចិន ក្នុងការបង្កើត សម្ព័ន្ធមិត្ត មានមួយផ្នែកធំដោយសារតែកំហុសយុទ្ធសាស្ត្ររបស់ចិនខ្លួនឯង។ ជាក់ស្ដែង ជម្លោះដែនទឹក ឬទឹកដីជាមួយប្រទេសជិតខាងបានធ្វើឱ្យប្រទេសមួយចំនួនដូចជាឥណ្ឌា ជប៉ុន និងហ្វីលីពីនជាដើម រត់រក សហរដ្ឋអាមេរិក។ ចំណែក ការគំាំទ្ររបស់ប៉េកាំងចំពោះរុស្ស៉ី នៅក្នុងសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យចិនឃ្លាតឆ្ងាយពីអឺរ៉ុប។ ឃើញដូច្នេះសហរដ្ឋអាមេរិកបានចាប់ផ្ដើមបង្កើតបក្សសម្ព័ន្ធតូចៗដើម្បីប្រឆាំងចិន ដូចជា ការបង្កើតក្រុមចម្រុះទប់ទល់នឹងការរីកចម្រើនខាងបច្ចេកវិទ្យា 5G និង semiconductors។ នៅឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកបានបង្កើតក្រុមប្រទេស Quad (អាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន), Squad (មានអូស្ត្រាលី ជប៉ុន ហ្វីលីពីន និងសហរដ្ឋអាមេរិក) ព្រមទាំង AUKUS (មានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក) និងចងសម្ព័ន្ធមិត្តជាមួយប្រទេសជាច្រើនទៀតដើម្បីទប់ទល់ជាមួយចិន។

ក៏ប៉ុន្តែសម្ព័ន្ធមិត្តទាំងនេះមិនមានសន្ធិសញ្ញាពហុភាគីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ ហើយក៏គ្មានសមតុល្យជាមួយបក្សសម្ព័ន្ធ NATO នោះដែរ។ ដូច្នេះវាធ្វើឱ្យការប្រជែងជាមួយចិននៅតែជារឿងប្រថុយប្រថាន និងជា កិច្ចការដែលធ្វើឡើងផ្អែកលើផលប្រយោជន៍ជាក់ស្ដែង ជាជាងមានផែនការទុកមុន។ ម្យ៉ាង ភូមិសាស្រ្តដ៏ធំសម្បើមពេករបស់អាស៊ី ក៏ធ្វើឱ្យប្រទេសមួយចំនួនសុញសាញខាងយុទ្ធសាស្ត្រផងដែរ។ ឧទាហរណ៍៖ ឥណ្ឌា ចង់បានជំនួយ និងការគំាំទ្រពីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយចិន ប៉ុន្តែឥណ្ឌាត្រូវបានគេមើលឃើញថាប្រហែលជានឹងមិនលូកដៃជួយអាមេរិកដោយផ្ទាល់ ក្នុងករណីចិនវាយតៃវ៉ាន់ នោះទេ។ លើសពីនេះទៅទៀត ការចំណាយយោធាក្នុងចំណោមប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងលិចនៅតែស្ថិតក្នុងកម្រិតទាប ខណៈពាណិជ្ជកម្ម និងបច្ចេកវិទ្យានៅតែពឹងផ្អែកខ្លាំងលើចិន។ តែទោះជាបែបនេះក្ដី អ្វីដែលកាន់តែយ៉ាប់ គឺខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ អំពាវនាវឱ្យសម្ព័ន្ធមិត្តអាមេរិកប្រឆាំងនឹងចិន ទីក្រុងវ៉ាស៊ីនតោនបែរជាលួចចាក់សម្ព័ន្ធមិត្តខ្លួនឯងពីក្រោយខ្នង តាមរយៈគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដែលកំពុងធ្វើឱ្យប្រព័ន្ធសម្ព័ន្ធមិត្តរបស់អាមេរិកប្រឈមនឹងហានិភ័យដួលរលំទៅវិញ ហើយទោះជាមិនដួលក៏ប្រទេសទាំងនោះកត់ចំណាំទុកជាមេរៀនដែរ។ សហរដ្ឋអាមេរិកមិនមែនជាមហាអំណាចតែមួយគត់ ដែលមានមិត្តនោះទេ។ ចិនតាមរយៈលោក ស៊ី ជីនពីង ក៏មានទំនាក់ទំនងដែលមេដឹកនាំចិនហៅថា «ភាពជាដៃគូគ្មានព្រំដែនជាមួយរុស្ស៉ីផងដែរ»។ ចិនត្រូវបានក្រុមមន្ត្រីអាមេរិកចោទថាបានជួយរុស្ស៉ីឱ្យគេចពី ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអនុញ្ញាតឱ្យទីក្រុងមូស្គូចូលទៅកាន់បច្ចេកវិទ្យាដែលប្រើបានទាំងស៊ីវិល និងយោធា។ ក្រុមមន្ត្រីអាមេរិកបារម្ភថាទីក្រុងមូស្គូអាចនឹងផ្ដល់ជំនួយដល់ចិន ក្នុងករណីសង្រ្គាមរវាង សហរដ្ឋអាមេរិក និងចិន ផ្ទុះឡើងក្នុងតំបន់ប៉ាស៊ីហ្វិក។

* យោធាចិនកើនសមត្ថភាពយ៉ាងឆាប់រហ័ស
កាលពីជាង២៥ ឬ៣០ឆ្នាំមុន កងទ័ពរំដោះប្រជាជនចិន PLA «ធំតែមាឌ ចង្អៀតតែមុង»។ ក៏ប៉ុន្តែសព្វថ្ងៃ PLA បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ដោយកងទ័ពជើងទឹករបស់ខ្លួនបានក្លាយជាកងទ័ពជើងទឹកធំជាងគេ បំផុតនៅលើពិភពលោក និងមានកងកម្លាំងមីស៊ីលដ៏ធំមួយ។ រីឯការធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរក៏មិនណោយដែរ។ ចិនបានធ្វើសមយុទ្ធយោធាស្ទើរជាប្រចាំនៅជុំវិញកោះតៃវ៉ាន់ ដែលធ្វើគេមើលឃើញថា សមយុទ្ធនេះក្លាយជារឿងធម្មតាទៅហើយ ស្របពេលក្រុមមន្ត្រីអាមេរិកបានព្រមានថាចិនកំពុងត្រៀមលក្ខណៈសម្រាប់សង្រ្គាម ជាពិសេសគឺសង្រ្គាមជាមួយសហរដ្ឋអាមេរិកតែម្ដង។ ក្រុមអ្នកជឿលើគោលនយោបាយ «Asia First» បានអះអាងថាការទាញធនធានចេញពីមជ្ឈិមបូព៌ា និងអឺរ៉ុប អាចជួយឱ្យអាមេរិកប្រមូលធនធានគ្រប់គ្រាន់ដើម្បីទប់ទល់ជាមួយចិននៅអាស៊ី។ ប៉ុន្តែការចាកចេញមិនមែនជារឿងស្រួលនោះទេ។ លោក ត្រាំ កាលពីខែមេសា នៅតែត្រូវដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីកំញើញអ៉ីរ៉ង់ និងក្រុមហ៊ូទីនៅយេម៉ែន។

លោក Hal Brands បាននិយាយថាប្រសិនបើសហរដ្ឋអាមេរិកបាត់បង់ឧត្តមភាពយោធាក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនៅថ្ងៃណាមួយ នោះតៃវ៉ាន់អាចនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ចិនដោយមិនបាច់ច្បាំង ឬក៏ប៉េកាំង អាចនឹងប្រើកម្លាំងយោធាវាយគ្រប់គ្រងតៃវ៉ាន់ ដើម្បីបំបាក់មុខអាមេរិក៕