(AFP)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon នៅថ្ងៃអង្គារ ទី៦ ខែឧសភានេះបានស្នើឡើងនូវសេចក្ដីព្រាងច្បាប់មួយដែលហាមឃាត់កុមារមានអាយុក្រោម ១៦ឆ្នាំពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដោយសង្កត់ធ្ងន់ថាវាជារឿងចាំបាច់ដើម្បីការពារពួកគេពីគ្រោះថ្នាក់កើតចេញពីបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមមន្ត្រីនិយ័តករនៅជុំវិញពិភពលោក បាន និងកំពុងរិះរកមធ្យោបាយថាតើត្រូវធ្វើដូចម្ដេចដើម្បីការពារកុមារឱ្យមានសុវតិ្ថភាពពីអនឡាញ ខណៈសកម្មភាពហិង្សាត្រូវបានចែកចាយ យ៉ាងព្រោងព្រាត និងការកើនឡើងនូវការផលិតមាតិការមិនល្អនៅលើបណ្ដាញទំនាក់ទំនងសង្គម។ លោក Christopher Luxon បានលើកឡើងនូវសេចក្ដីព្រាងច្បាប់ខាងលើដែល នឹងតម្រូវឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមត្រូវផ្ទៀងផ្ទាត់ ឬ verify លើអ្នកប្រើប្រាស់ថាពួកគេមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ បើពុំដូច្នោះទេនឹងត្រូវប្រឈមការពិន័យជាប្រាក់ ១.២លានដុល្លារ។
លោក Luxon បានគូសបញ្ជាក់ដូច្នេះថា «វាជាវិធានការដើម្បីការពារកុមាររបស់ពួកយើង។ វាជាវិធានការដើម្បីធ្វើឱ្យប្រាកដថាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមបានចូលរួមចំណែក ក្នុងការការពារសុវត្ថិភាពសម្រាប់កុមាររបស់ពួកយើង»។ គេមិនទាន់ច្បាស់ថាតើនៅពេលណា ទើបសេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅកាន់សភានោះទេ ប៉ុន្តែលោក Luxon រំពឹងថានឹងទទួលបានការគាំទ្រពីសមាជិកសភាទាំងអស់។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ខាងលើត្រូវបានតាក់តែងដោយគណបក្ស National Party របស់លោក Luxon ដែលជាគណបក្សធំជាងគេនៅក្នុងរដ្ឋាភិបាលចម្រុះសព្វថ្ងៃ។ ដើម្បី អនុម័តច្បាប់នេះ លោក Luxon ត្រូវការការគាំទ្រពីគណបក្សជាដៃគូ២ផ្សេងទៀតនៅក្នុងក្រុមចម្រុះ៕