(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មថ្មីលើមីយ៉ាន់ម៉ា ដោយកំណត់លើមេទ័ពម្នាក់ និងកូនប្រុសពីរនាក់ រួមទាំងកងជីវពលរបស់មេទ័ពម្នាក់នោះ ជុំវិញការសម្របសម្រួល ដល់បទល្មើសឆបោកតាមអនឡាញ ដែលផ្តោតលើជនជាតិអាមេរិក ការជួញដូរមនុស្ស និងការរត់ពន្ធឆ្លងព្រំដែន។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ ២០២៥។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា ទណ្ឌកម្មនេះ ត្រូវបានដាក់លើកងកម្លាំងជាតិការ៉ែន (Karen National Army), មេដឹកនាំកងកម្លាំងនេះ គឺលោក Saw Chit Thu និងកូនប្រុសពីរនាក់របស់គាត់។ ក្រោមការដឹកនាំរបស់លោក Saw Chit Thu កងកម្លាំង Karen National Army បានគ្រប់គ្រងតំបន់មួយនៅជាប់ព្រំដែនថៃ-ភូមា ជាយូរណាស់មកហើយ គឺទីប្រជុំជនព្រំដែន Myawaddy ដែលគេស្គាល់ថាជាជម្រកនៃក្រុមឆបោកតាមអនឡានជាច្រើន។
អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Michael Faulkender គូសបញ្ជាក់ថា «បទល្មើសឆបោកតាមអនឡាញ ដូចជាប្រតិបត្តិការរបស់កងកម្លាំង Karen National Army បង្កើតប្រាក់ចំណូលរាប់ពាន់លានសម្រាប់មេខ្លោងឧក្រិដ្ឋជន និងសហការីរបស់ពួកគេ ដោយការបោកប្រាស់លុយពីជនរងគ្រោះ ដែលរកបានមកយ៉ាងលំបាក។ ក្រសួងប្តេជ្ញាថា នឹងប្រើប្រាស់គ្រប់វិធីដើម្បីរំខានបណ្តាញទាំងនេះ និងឱ្យអ្នកស្វែងរកប្រាក់ចំណេញ ពីគម្រោងឧក្រិដ្ឋកម្មទាំងនេះ មកទទួលខុសត្រូវ»។
គួរបញ្ជាក់ថា តំបន់ Myawaddy ក៏បានក្លាយជាសមរភូមិដ៏សំខាន់មួយផងដែរ នៅពេលដែលកងទ័ពនៃរបបសឹក និងក្រុមចលនាតស៊ូប្រដាប់អាវុធផ្សេងទៀត ព្យាយាមដណ្តើមគ្រប់គ្រងប៉ុស្តិ៍ព្រំដែន ដែលមានលំហូរពាណិជ្ជកម្ម គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារប្រចាំឆ្នាំ៕