(សាណា)៖ អាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ូទីនៅយេម៉ែន បានប្រកាសនៅថ្ងៃអង្គារនេះ ថា មនុស្សយ៉ាងតិច ៤នាក់បានស្លាប់ និង ៣៩នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើខេត្ត Hodeidah កាលពីថ្ងៃចន្ទ។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥។

ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើកកាលពីថ្ងៃចន្ទ សំដៅលើទីក្រុងកំពង់ផែ Hodeidah, អាកាសយានដ្ឋាន, រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធា។ អ្នកស្រុកបានប្រាប់ទីភ្នាក់ងារស៊ីនហួរ ថា ការវាយប្រហារបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ូទីបានបញ្ជាក់ថា មនុស្ស ៣នាក់ស្លាប់ និង ៣៥នាក់របួសនៅរោងចក្រស៊ីម៉ងត៍ ហើយម្នាក់ទៀតស្លាប់ និង០៤នាក់របួសនៅកំពង់ផែ។

យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារនេះធ្វើឡើងជាសងសឹងកនឹង «ការវាយប្រហារម្តងហើយម្តងទៀត» ដោយក្រុមហ៊ូទីប្រឆាំងនឹងអ៊ីស្រាអែល។ ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ូទី បានបាញ់មីស៊ីលកាលពីថ្ងៃអាទិត្យ សំដៅទៅជិតអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្ស ៨នាក់រងរបួស។

គួរបញ្ជាក់ថា ក្រុមហ៊ូទីដែលគ្រប់គ្រងភាគខាងជើងយេម៉ែន បានបើកការវាយប្រហារជាច្រើនលើកលើអ៊ីស្រាអែលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអះអាងថាជាសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ ក្រុមនេះបានបញ្ជាក់ថា ខ្លួននឹងបញ្ឈប់ការវាយប្រហារ ប្រសិនបើអ៊ីស្រាអែលបញ្ចប់យុទ្ធនាការយោធា និងការបិទផ្លូវនៅតំបន់ហ្គាហ្សា។ ការវាយប្រហារគ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុមហ៊ូទី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ កំពុងបង្កើនការព្រួយបារម្ភអំពីការពង្រីកជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាឲ្យកាន់តែទូលំទូលាយ៕