(ញូវដែលី)៖ ឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភា បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅក្នុងទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន ខណៈទីក្រុងអ៉ីស្លាម៉ាបាដ បានចាត់ទុកថាការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ហើយប្រកាសថានឹងសងសឹកវិញ ចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមរវាងប្រទេសទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពីភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន៖

* ឥណ្ឌាបានឱ្យដឹងថានៅក្នុងប្រតិបត្តិការឈ្មោះ «Operation Sindoor» យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅទាំងនៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយប៉ាគីស្ថាន។ តាម យោធាឥណ្ឌា ការវាយប្រហារនេះមានគោលដៅលើទីស្នាក់ការរបស់ក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammed និង Lashkar-e-Taiba។ ប៉ាគីស្ថានវិញបានអះអាងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់ឥណ្ឌា។

* ឥណ្ឌាបាននិយាយយោធារបស់ខ្លួនបានវាយប្រហារលើគោលដៅសរុបចំនួន៩កន្លែង ទាំងនៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយប៉ាគីស្ថាន។ រីឯប៉ាគីស្ថានថាគោលដៅចំនួន៥ ត្រូវបាន វាយប្រហារដោយយោធាឥណ្ឌា ក្នុងនោះមាន៣ទីតាំងនៅក្នុងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន និង២ទីតាំងនៅក្នុងខេត្ត Punjab របស់ប៉ាគីស្ថាន។ គោលដៅដែលរងការវាយប្រហារនៅក្នុងខេត្ត Punjab ទៀតសោត គឺស្ថិតនៅក្នុងទីក្រុង Ahmedpur East និងទីក្រុង Muridke។

* ឥណ្ឌាបាត់បង់យន្ដហោះចម្បាំង៥គ្រឿង៖ មន្ត្រីយោធាប៉ាគីស្ថានម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters​ ថាយោធាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ៥គ្រឿង ក្នុងនោះរួមមានយន្ដហោះ Rafale ៣គ្រឿង S​u-30 មួយគ្រឿង និង MiG-29 មួយគ្រឿង។ Rafale ជាយន្ដហោះចម្បាំងដែលឥណ្ឌាទិញពីបារាំង រីឯ S​u-30 និង MiG-29 ជាយន្ដហោះចម្បាំងសល់ពីសម័យអតីតសហភាពសូវៀត។

* រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានកែតម្រូវព័ត៌មានឡើងវិញថាមិនមានទាហានឥណ្ឌាណាម្នាក់ត្រូវបានចាប់ខ្លួនជាឈ្លើយសឹកនោះទេ។

* ប្រតិកម្មពីអន្តរជាតិ៖ UN និងបណ្ដាប្រទេសជាច្រើនបានអំពាវនាវឱ្យឥណ្ឌា និងប៉ាគីស្ថានរក្សាការអត់ធ្មត់ជាអតិបរមា និងបញ្ចៀសកុំឱ្យជម្លោះរាលដាលកាន់តែធំដែលអាចនឹងគំរាមកំហែងដល់សន្តិភាពតំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថាន កើតមានឡើងបន្ទាប់ពីទីក្រុងញូវដែលីបានចោទថាទីក្រុងអ៉ីស្លាម៉ាបាដថាជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើន លើសលុបជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។ ប៉ុន្តែប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់នេះ៕