(ម៉ាស្កាត, អូម៉ង់)៖ អ្នកសម្រុះសម្រួលបានឱ្យដឹងថា សហរដ្ឋអាមេរិក និងក្រុមហ៊ូទីនៅយម៉ែន បានព្រមព្រៀងលើបទឈប់បាញ់មួយ ដែលនឹងធានាដល់ «សេរីភាពនៃការធ្វើនាវាចរណ៍» នៅតំបន់សមុទ្រក្រហម ជាទីដែលក្រុមគាំទ្រដោយអ៉ីរ៉ង់នេះ បានធ្វើសកម្មភាពវាយប្រហារអស់រយៈពេលជាច្រើនខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ ២០២៥។
រដ្ឋមន្រ្តីការបរទេសអូម៉ង់ លោក Badr Albusaidi បាននិយាយថា «ផ្អែកលើការជជែក និងទាក់ទងគ្នាថ្មីៗនេះ ជាមួយនិងគោលបំណងបន្ធូបន្ថយភាពតានតឹង ការប្រឹងប្រែងសម្រេចចេញជាបទឈប់បាញ់មួយ រវាងភាគីទាំងពីរ»។ លោកបន្ថែមថា «ភាគីនីមួយៗ នឹងធានាដល់សេរីភាពនៃការធ្វើនាវាចរណ៍ និងធ្វើឱ្យការដឹកជញ្ជូនអន្តរជាតិដំណើការដោយរលូនឡើងវិញ»។
គួរបញ្ជាក់ថា ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានគំរាមថាសហរដ្ឋអាមេរិក នឹងធ្វើការវាយប្រហារប្រឆាំងក្រុមហ៊ូទី ដោយសារតែសកម្មភាពបំពានរបស់ពួកគេ លើកប៉ាល់ដឹកជញ្ជូន៕