(ប៉េកាំង)៖ ចាប់ពីដើមខែមេសា ឆ្នាំ ២០២៥ នេះមក «ពន្ធគយបដិការ» របស់រដ្ឋាភិបាលលោក ត្រាំ ប្រធានាធិបតីអាមេរិក បានញាំញីឱ្យពិភពលោកដែលកំពុងមានភាពរង្គោះរង្គើស្រាប់ កាន់តែមានភាពច្របូកច្របល់ថែមទៀត ។ ការដំឡើងពន្ធគយ ដោយមិនរើសមុខនិងខ្ពស់ខុសទំនង បានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ រវាងអាមេរិកនិងបណ្តាប្រទេសនានាធ្លាក់ ក្នុងភាពជាប់គាំងដោយសារតែពាណិជ្ជករ នៃបណ្តាប្រទេសមានការព្រួយបារម្ភពីហានិភ័យពន្ធគយរបស់អាមេរិក ដែលប្រែក្រឡាស់ចុះឡើងមិនទៀង ។
ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីគោលនយោបាយ «អាមេរិកជាអាទិភាព» បានធ្វើឱ្យទំនុកចិត្តចំពោះ ទីផ្សាររបស់អាមេរិកធ្លាក់ចុះយ៉ាងគំហុក។ រដ្ឋាភិបាលអាមេរិកគិតស្មានថា ការយកពន្ធគយខ្ពស់ចំពោះផលិតផលនាំចូលពីបរទេស នឹងផ្តល់អាទិភាពឱ្យសហគ្រាសក្នុងស្រុកអាច «លក់ចេញផលិតផលកាន់តែច្រើន» ប៉ុន្តែរដ្ឋាភិបាលអាមេរិកគិតខុសត្រង់ថា ប្រទេសនានានឹងមិនសំងំស្ងៀមឱ្យអាមេរិកធ្វើតាមតែទំនើងចិត្តនោះទេ ជាលទ្ធផលគឺប្រទេសជាច្រើន បានដាក់ចេញវិធានការឆ្លើយតបវិញ ដែលធ្វើឱ្យផលិតផលអាមេរិកពិបាកនាំចេញ ។
ក្រៅពីនេះ ការដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិ ក៏បានធ្វើឱ្យការនាំចូលវត្ថុធាតុដើមពីបរទេសឡើងថ្លៃខ្ពស់ផងដែរ ដែលធ្វើឱ្យសហគ្រាសអាមេរិកត្រូវចំណាយដើមទុនកាន់តែច្រើន សម្រាប់ការផលិតផលិតផលរបស់ខ្លួន ហើយក៏ត្រូវលក់ចេញ ក្នុងតម្លៃខ្ពស់ជាងមុន ដែលទីបំផុតគឺអ្នកប្រើប្រាស់របស់អាមេរិក ត្រូវចំណាយលុយកាន់តែច្រើនសម្រាប់ការទិញផលិតផល មិនថាផលិតក្នុងស្រុកឬនាំចូលពីបរទេសក្តី ។
ជារឿយៗ អាមេរិកតែងចាត់ទុកប្រទេសចិនជា គូប្រជែងឬសឹងតែជាគូសត្រូវរបស់ខ្លួន ហើយតែងតែដាក់ចេញគោលនយោបាយ ដែលដាក់កំហិតនិងគាបសង្កត់ ចំពោះសហគ្រាសចិន ក្រោមលេស «សន្តិសុខជាតិ»។ រដ្ឋាភិបាលអាមេរិកហាក់ដូចជា«បានចិត្ត»ខ្លាំងចំពោះការប្រើពន្ធគយជាអាវុធដើម្បីសម្លុតគំរាមប្រទេសនានា ជាពិសេសប្រទេសចិន ហើយគិតថាចិនជាសត្វចៀម ដែលសំងំឱ្យធ្វើបាបតាមទំនើងចិត្ត ហេតុនេះទើបមានការដាក់ពន្ធគយរហូតដល់ខ្ទង់រយភាគរយ ចំពោះផលិតផលនាំចូលពីចិន ដែលជាតួលេខដ៏«ឆ្កួតលេលា»គួរឱ្យអស់សំណើច ។
ជាការឆ្លើយតប ប្រទេសចិនបានលើកឡើងថា ចិនមិនចូលរួមលេង «លែ្បងតួលេខពន្ធគយ» ជាមួយអាមេរិកនោះទេ តែប្រសិនបើអាមេរិកពិតជា យកពន្ធគយជាក់ស្តែងមែន នោះចិននឹងឆ្លើយតបវិញដោយស្មើគ្នា។ ប្រទេសចិនក៏បានគូសរំលេច ជាច្រើន លើកច្រើនសាផងដែរថា សង្គ្រាមពន្ធគយ ឬសង្គ្រាមពាណិជ្ជកម្មវាគ្មានអ្នកឈ្នះទេ មានតែការខាតបង់ទាំងសងខាង ហើយអ្នកដែលត្រូវបង់តម្លៃចុងក្រោយ គឺអ្នកប្រើប្រាស់។ បើអាមេរិកចង់ចរចាដោយស្មោះត្រង់និងស្មើភាពគ្នា ប្រទេសចិនបើកទ្វារជានិច្ច តែបើបន្តធ្វើសង្គ្រាមពន្ធគយ ចិននឹងប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់។
គួររំលឹកថា អស់កាលជាយូរឆ្នាំមកហើយ ប្រទេសចិនជាអ្នកនាំចូលធំបំផុត នូវផលិតផលកសិកម្មរបស់អាមេរិក ជាពិសេសគឺសណ្តែកសៀង។ ការបំផុសសង្គ្រាមពន្ធគយរបស់ រដ្ឋាភិបាលអាមេរិកជាមួយចិន បាននាំឱ្យសហគ្រាសនាំចូលរបស់ចិន ងាកទៅនាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីលវិញ ដែលធ្វើឱ្យសណ្តែកសៀងរបស់ កសិករអាមេរិក ត្រូវជាប់គាំងលក់មិនចេញ។ រីឯទំនិញប្រើប្រាស់ប្រចាំថ្ងៃដែលជាផលិតផលចិន ដែលមានគុណភាពល្អ និងមានតម្លៃថោកសមរម្យ ក៏ត្រូវឡើងថ្លៃរាប់សិបដងនៅទីផ្សារអាមេរិក ដែលបង្កើនបន្ទុកខ្លាំងដល់ អ្នកប្រើប្រាស់របស់អាមេរិក។ នេះហើយជា «ប្រសិទ្ធភាព» នៃគោលនយោបាយ «អាមេរិកជាអាទិភាព» របស់លោក ត្រាំ។
ជាងនេះទៅទៀត អាវុធពន្ធគយរបស់រដ្ឋាភិបាលលោក ត្រាំ ក៏បានវាយប្រហារចូលទៅក្នុងវិស័យឧស្សាហកម្មភាពយន្តទៀតផង ពោលគឺលោក ត្រាំ បានប្រកាសថានឹងយកពន្ធ ១០០ភាគរយលើខ្សែភាពយន្ត ដែលមិនផលិតនៅអាមេរិកក្រោមហេតុផលថា ហូលីវូដបាន «រងគ្រោះ» យ៉ាងខ្លាំង ដែលបណ្តាលឱ្យឧស្សាហកម្មភាពយន្តអាមេរិកកំពុង «ធ្លាក់ចុះយ៉ាងឆាប់រហ័ស»ដែលបង្កជា «ការគំរាមកំហែងដល់សន្តិសុខជាតិ» ចំពោះសហរដ្ឋអាមេរិក។ ទាក់ទិននឹងករណីនេះ ឥស្សរជនមួយចំនួន នៃវិស័យឧស្សាហកម្មភាពយន្តបានថ្លែងថា ចំណាត់ការរបស់រដ្ឋាភិបាលលោក ត្រាំ គឺជាគ្រោះមហន្តរាយ សម្រាប់ឧស្សាហកម្មភាពយន្តខ្នាតធំ និងភាពយន្តទូរទស្សន៍របស់ហូលីវូដ។
ទង្វើខុសទំនងដែលប្រើអាវុធពន្ធគយ តែពីសតែពាសរបស់រដ្ឋាភិបាលអាមេរិក មិនត្រឹមតែមិនបានទាញយកផលចំណេញ ឱ្យប្រជាពលរដ្ឋអាមេរិកនោះទេ ប៉ុន្តែវាដូចជាដំបៅមហារីក ដែលកំពុងរីករាលដាលក្នុងសង្គមអាមេរិក ។ ប្រសិនជាមិន«វះកាត់»ចោល«ដំបៅពន្ធគយ»នេះទេ នោះគ្រួសាររាប់ម៉ឺនរាប់សែនរបស់អាមេរិកនឹងត្រូវប្រឈមនឹង សម្ពាធចាយវាយប្រចាំថ្ងៃលើសពីមុន ទ្វេដងឬច្រើនដង ពិសេសកសិករអាមេរិក នឹងត្រូវខាតបង់ចំណូលយ៉ាងច្រើន រហូតដល់មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន ។ អភិបាលរដ្ឋជាច្រើនរបស់អាមេរិក បានចេញមុខប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ ជាបន្តបន្ទាប់ ហើយបាតុកម្មក៏បានផ្ទុះឡើងក្នុងទ្រង់ទ្រាយធំ នៅតាមបណ្តារដ្ឋនានារបស់អាមេរិក។
ពាក្យមួយឃ្លាពោលថា «អ្នកដែលទទួលបានការគាំទ្រពីប្រជាជនទើបបានកាន់អំណាច»។ តាមការស្ទង់មតិនាពេលថ្មីៗ កន្លងទៅនេះ ស្តីពីអត្រាគាំទ្រចំពោះការកាន់អំណាចក្នុងរយៈពេល ១០០ ថ្ងៃរបស់លោក ត្រាំ បង្ហាញថា អត្រាគាំទ្រមានត្រឹមតែ ៣៩% តែប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតក្នុងប្រវត្តិសាស្ត្រ ៨០ ឆ្នាំរបស់អាមេរិក។ រដ្ឋាភិបាលរបស់លោក ត្រាំ គួរពិចារណាឡើងវិញឱ្យបានហ្មត់ចត់ពីគោលនយោបាយរបស់ខ្លួន ហើយងាកទៅធ្វើរឿងណា ដែលមានប្រយោជន៍ ចំពោះអាមេរិកនិងប្រទេសនានា លើពិភពលោក ដើម្បីទទួលបានទំនុកចិត្តពី ប្រជាជនរបស់ខ្លួនក៏ដូចជាសហគមន៍អន្តរជាតិ៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន