(វ៉ាស៊ីនតោន)៖ ២សប្ដាហ៍បន្ទាប់ពីការវាយប្រហារសម្លាប់ភ្ញៀវទេសចរ ២៦នាក់ នៅក្នុងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី២២ ខែមេសា ឥណ្ឌានៅថ្ងៃពុធ ទី៧ ខែឧសភា បានប្រកាសពីការដឹកនាំ ប្រតិបត្តិការឈ្មោះ «Operation Sindoor» ជាមួយការវាយប្រហារតាមផ្លូវអាកាសទាំងក្នុងទឹកដីប៉ាគីស្ថាន និងក្នុងតំបន់កាស្មៀរផ្នែកគ្រប់គ្រងដោយប៉ាគីស្ថាន។ អ្នកនាំពាក្យយោធាប៉ាគីស្ថាន បានឱ្យដឹងថាការវាយប្រហារ ដោយមីស៉ីល និងកាំភ្លើងធំរបស់ឥណ្ឌា បានផ្តាច់ជីវិតជនស៉ីវិលកើនដល់យ៉ាងហោច៣១នាក់ និងរាប់សិបនាក់ទៀតរងរបួស។ រីឯឥណ្ឌាវិញបានអះអាងថា នៅខាងខ្លួនមានជនស៉ីវិលយ៉ាងហោច៧នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់ប៉ាគីស្ថាន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំប្រទល់ Line of Control ដែលខណ្ឌចែកតំបន់ជម្លោះ Kashmir រវាងភាគីទាំងពីរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
ការប៉ះទង្គិចគ្នានេះមិនមែនជារឿងអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ចំពោះអ្នកដែលបានដឹងពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ឥណ្ឌា ជាមួយប៉ាគីស្ថានដែលរួមរឹតដោយជម្លោះ និងការបែកខ្ញែកគ្នាដ៏បង្ហូរឈាមទៅជាប្រទេស២ ផ្សេងគ្នា ក្រោយទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៧។ ចាប់តាំងពីនោះមក ប្រទេសជិតខាងជាគូសត្រូវនឹងគ្នាទាំង២ មានភាពតានតឹងនឹងគ្នាជាញឹកញាប់ ហើយមានពេលខ្លះក៏ផ្ទុះសង្រ្គាម ឬការវាយប្រហារ សងសឹកដាក់គ្នាទៅវិញទៅមក។ បញ្ហា និងជាឬសគល់សំខាន់បំផុតនៃជម្លោះ នោះគឺ «តំបន់កាស្មៀរ» ជាតំបន់មួយស្ថិតនៅតាមបណ្ដោយជួរភ្នំហិមារល័យដែលឥណ្ឌា និងប៉ាគីស្ថានទាមទារសិទ្ធិគ្រប់គ្រងទាំងស្រុង ខណៈពុះចែកតំបន់នេះជា២ផ្នែកគ្រប់គ្រងរៀងៗខ្លួន។
* ហេតុអ្វីឥណ្ឌា និងប៉ាគីស្ថានក្លាយជាគូសត្រូវនឹងគ្នា?
នៅពេលទទួលបានឯករាជ្យក្នុងឆ្នាំ១៩៤៧ ឥណ្ឌា និងប៉ាគីស្ថានត្រូវបានពុះចែកជា២ប្រទេសផ្សេងគ្នា ដោយឥណ្ឌាបានក្លាយជាប្រទេសមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើន រីឯប៉ាគីស្ថានក្លាយជាប្រទេសមាន អ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន។ ក្រោយយល់ព្រមប្រគល់ឯករាជ្យ ចក្រភពអង់គ្លេសបានបន្សល់ទុកនូវជម្លោះដ៏រ៉ុំារ៉ៃមួយ នោះគឺការគូសបន្ទាត់ព្រំដែនថ្មី ហើយជាលទ្ធផលបានបង្កទៅជាអំពើហិង្សាដែលបានសម្លាប់ មនុស្សជាង ១លាននាក់។ តាំងពីពេលនោះ ឥណ្ឌា និងប៉ាគីស្ថានបានធ្វើសង្រ្គាមជាមួយនឹងគ្នាជាច្រើនលើក ក្នុងនោះមាន២លើកពាក់ព័ន្ធនឹងតំបន់កាស្មៀរ និងតែងតែប៉ះទង្គិចគ្នាជាញឹកញាប់។ មេដឹកនាំប៉ាគីស្ថាន បានចាត់ទុកថាឥណ្ឌាជាការគំរាមកំហែងពីខាងក្រៅចាប់តាំងពីការបែកខ្ញែកគ្នាមក រីឯអ្នកខ្លះទៀតគិតថាឥណ្ឌានៅតែចិញ្ចឹមចិត្តបង្រួបបង្រួមប្រទេសឡើងវិញ។
ចំណែក ចារកម្មឥណ្ឌាវិញបានចោទប្រកាន់ថាការវាយប្រហារជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរ ឬលើទឹកដីឥណ្ឌា ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ មានជាប់ពាក់ព័ន្ធនឹងប៉ាគីស្ថាន។ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានប្ដេជ្ញាតាមកម្ចាត់ក្រុមសកម្មប្រយុទ្ធ តែមិនបានផលអ្វីឡើយ។ ពីព្រោះមេដឹកនាំស៊ីវិល ឬតំណែងជានាយករដ្ឋមន្ត្រីនៅប៉ាគីស្ថាន មានអំណាចតិចតួចក្នុងការផ្លាស់ប្ដូរគោលនយោបាយការបរទេស និងសន្តិសុខ ដែលស្ថិតក្រោមដែនអំណាចមួយផ្នែកធំរបស់ថ្នាក់ដឹកនាំកងទ័ព និងចារកម្មប៉ាគីស្ថាន។
* ដូច្នេះតើមានអ្វីពិសេសពីតំបន់កាស្មៀរ?
នៅពេលបែកខ្ញែកជា២ប្រទេសផ្សេងគ្នា ឥណ្ឌា និងប៉ាគីស្ថានបានព្យាយាមបញ្ចុះបញ្ចូលប្រទេសតូចៗដែលស្ថិតក្រោមការគ្រប់គ្រងដោយប្រយោលដោយចក្រភពអង់គ្លេស ឱ្យចូលរួមជាមួយប្រទេសថ្មីថ្មោងរបស់ពួកគេ រៀងៗខ្លួន។ ប៉ុន្តែមេដឹកនាំហិណ្ឌូនៃតំបន់ Jammu and Kashmir ដែលមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន និងមានផ្ទៃដីជិតប៉ុនគ្នានឹងចក្រភពអង់គ្លេស ព្រមទាំងមានប្រជាជនជាង ១២លាននាក់រស់នៅសព្វថ្ងៃ មានការស្ទាក់ស្ទើរដោយមិនអាចធ្វើការសម្រេចចិត្តថាតើត្រូវទៅខាងឥណ្ឌា ឬប៉ាគីស្ថាននោះទេ? ប៉ាគីស្ថានត្រូវបានឥណ្ឌាចោទថាបានការគាំទ្រការទន្ទ្រាញរបស់ពួកទ័ពព្រៃ ហើយឥណ្ឌាបានធ្វើអន្តរាគមន៍ដោយធ្វើឱ្យ ប្រទេសទាំង២ត្រូវប្រយុទ្ធតតាំងគ្នានៅក្នុងភាពជាប់គាំង។ បច្ចុប្បន្ន ឥណ្ឌា និងប៉ាគីស្ថានត្រូវប្រឈមនឹងខ្សែបន្ទាត់ព្រំដែនដែលគេស្គាល់ថា Line of Control មានប្រវែង ៧៤០គីឡូម៉ែត្រ និងជាតំបន់ងាយប៉ះទង្គិចគ្នា មួយនៅក្នុងពិភពលោក។ Line of Control ក៏រួមមានបញ្ចូលតំបន់២ ដែលគ្រប់គ្រងដោយចិន និងឥណ្ឌាកំពុងទាមទារសិទ្ធិគ្រប់គ្រងផងដែរ។
ទីក្រុងញូវដែលីបានចោទប្រកាន់ទីក្រុងអ៉ីស្លាម៉ាបាដថាជាអ្នកគាំទ្រដ៏សកម្មដល់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់កាស្មៀរ ខណៈប៉ាគីស្ថានចោទថាឥណ្ឌាបានធ្វើទុក្ខបុកម្នេញលើអ្នកកាន់សាសនាអ៉ីស្លាម និងបានចាត់ទុក ក្រុមសកម្មប្រយុទ្ធជាអ្នកប្រយុទ្ធដើម្បីសេរីភាព។ ឥណ្ឌាក៏បានចោទផងដែរថាយោធាប៉ាគីស្ថានបានជួយបណ្ដុះបណ្ដាល ទំនុកបម្រុងហិរញ្ញវត្ថុដល់ពួកសកម្មប្រយុទ្ធ ហើយថាមេដឹកនាំពួកសកម្មប្រយុទ្ធថែមទាំងអាចរស់នៅ ដោយមានសេរីភាពនៅក្នុងប្រទេសប៉ាគីស្ថានទៀតផង។ នៅឆ្នាំ២០១៩ ទីក្រុងញូវដែលីបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួននៅកាស្មៀរ និងបង្កើនវត្តមានយោធាបន្ថែម។
* ក្រោយការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា តើមានការប្រែប្រួលអ្វីខ្លះ?
ក្នុងរយៈពេល១៤ម៉ោងនៃការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា ឥណ្ឌាបានកាត់បន្ថយទំនាក់ទំនងការទូតជាមួយប៉ាគីស្ថាន ស្របពេលប៉ាគីស្ថានបានហាមឃាត់យន្ដហោះឥណ្ឌាចូលក្នុងដែនអាកាសរបស់ខ្លួន និងផ្អាក ការធ្វើពាណិជ្ជកម្មឆ្លងដែន។ ការបិទដែនអាកាសរបស់ប៉ាគីស្ថាន បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាត្រូវធ្វើដំណើរតាមផ្លូវវៀងដែលចំណាយពេលច្រើនម៉ោងសម្រាប់ជើងហោះហើរឆ្ពោះទៅទិសខាងលិច និងធ្វើឱ្យ តម្លៃសំបុត្រយន្ដហោះឡើងថ្លៃ។ តែការផ្អាកការធ្វើពាណិជ្ជកម្មរបស់ប៉ាគីស្ថានជាមួយឥណ្ឌាត្រូវបានគេរំពឹងថាមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ពីព្រោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២មានកម្រិតទាប។ តាមទិន្នន័យ របស់ក្រសួងពាណិជ្ជកម្មក្នុងទីក្រុងញូវដែលី ឥណ្ឌានាំចូលទំនិញពីប៉ាគីស្ថានទំហំទឹកប្រាក់ ២.៨៨លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៣ ដល់ឆ្នាំ២០២៤។ ចំណែក ប៉ាគីស្ថានវិញបាននាំចូលទំនិញពីឥណ្ឌាទំហំទឹកប្រាក់ ១.២ពាន់លានដុល្លារ។ ចំនួនភ្ញៀវទេសចរទៅកាន់តំបន់កាស្មៀរក៏ត្រូវបានរំពឹងថានឹងមានការថយចុះដែរ។ តែអ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺការផ្អាកសន្ធិសញ្ញាប្រើប្រាស់ទឹកន្លេ Indus ឬ Indus Waters Treaty ពីសំណាក់ឥណ្ឌា ដែលអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងររយៈពេលវែងដល់ប៉ាគីស្ថាន។
* ចុះបើដូច្នេះតើសង្រ្គាមរវាងឥណ្ឌា និងប៉ាគីស្ថានអាចនឹងផ្ទុះឡើងជាថ្មីដែរឬទេ?
កាលពីអតីតកាលប្រទេសទាំង២ធ្លាប់បានធ្វើសង្រ្គាមនឹងគ្នាជាច្រើនលើក។ ប៉ុន្តែសព្វថ្ងៃ ទាំងឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែដឹងច្បាស់ក្នុងចិត្តរៀងៗខ្លួនថាសង្រ្គាមមានគ្រោះថ្នាក់ប៉ុនណាដល់អាយុជីវិតប្រជាជនរបស់ពួកគេ ហើយមហាអំណាចពិភពលោកកន្លងមកក៏បានបញ្ចុះបញ្ចូលឱ្យប្រទេសទាំង២ដកថយចេញពីជម្លោះដែរ ពីព្រោះពួកគេដឹងថាសង្រ្គាមរវាងឥណ្ឌា និងប៉ាគីស្ថានដែលសុទ្ធតែអាវុធនុយក្លេអ៊ែរអាចនឹងបង្កទៅជា សង្រ្គាមនុយក្លេអ៊ែរ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមឆ្នាំ១៩៤៧ និង១៩៦៥។ តែចាប់តាំងពីពេលនោះមកដែរ ជម្លោះមានរយៈពេលខ្លី ឬត្រូវបានបញ្ចៀស។ ការវាយប្រយុទ្ធគ្នានៅក្នុងទីក្រុង Kargil នៃតំបន់កាស្មៀរក្នុងឆ្នាំ១៩៩៩ បានបិទបញ្ចប់ទៅក្នុងពេលមិនដល់៣ខែឡើយ ក្រោយមានការដាក់សម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកលើប៉ាគីស្ថាន និងការគំរាមលុបចោលការផ្ដល់កម្ចីរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF សម្រាប់ប៉ាគីស្ថាន។ ជម្លោះកាលពីប៉ុន្មានឆ្នាំថ្មីៗនេះមានរយៈពេលកាន់តែខ្លីជាងមុនថែមទៀត។ តួយ៉ាង កាលពីឆ្នាំ២០១៩ ឥណ្ឌាបានវាយប្រហារតាមផ្លូវអាកាសលើទឹកដីប៉ាគីស្ថានជាលើកដំបូង ក្នុងរយៈពេលច្រើនទសវត្សរ៍ ហើយក្រោយការប្រយុទ្ធគ្នារវាងយន្ដហោះចម្បាំង និងយន្ដហោះចម្បាំង ប្រទេសទាំង២បានដកថយរៀងៗខ្លួនក្នុងពេលដ៏ខ្លី។
* តើឥណ្ឌា និងប៉ាគីស្ថានអាចផ្សះផ្សាគ្នាដែរឬទេ?
ការផ្សះផ្សាដែលនាំទៅរកភាពស្និទ្ធស្នាលរវាងឥណ្ឌា និងប៉ាគីស្ថាន ទំនងជានឹងមិនអាចកើតឡើងទេ។ ជាពិសេសនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលជាអ្នកហិណ្ឌូជាតិនិយមម្នាក់។ ឥណ្ឌាធ្លាប់បាននិយាយថាខ្លួននឹងចាប់ផ្ដើមកិច្ចរចា លុះត្រាតែប៉ាគីស្ថានបង្រ្កាបពួកសកម្មប្រយុទ្ធនៅលើទឹកដីរបស់ខ្លួនដែលគំរាមកំហែងដល់សន្តិសុខឥណ្ឌាជាមុនសិន។ ប៉ុន្តែទោះជារដ្ឋាភិបាលស៊ីវិលប៉ាគីស្ថានចង់កប់ចោល ជម្លោះជាមួយឥណ្ឌាក៏ដោយ ក៏ពួកគេមិនអាចធ្វើបានដោយឯងទេ ដោយនៅត្រូវរង់ចាំការយល់ព្រមពីស្ថាប័នយោធាដែលជារឿងតែងតែច្រានចោលលទ្ធភាពផ្សះផ្សាជាមួយឥណ្ឌា។ យោធាប៉ាគីស្ថានកន្លងមកបាននិយាយថា ខ្លួននឹងបើកចំហចំពោះការអនុញ្ញាតការធ្វើដំណើរឆ្លងកាត់តាមភាគខាងជើងនៃប្រទេសឆ្ពោះទៅកាន់ឥណ្ឌា និងតំបន់អាស៊ីកណ្ដាល។ ប៉ុន្តែលុបចោលគំនិតនេះទៅវិញ បន្ទាប់ពីលោក Modi ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមួយពាក់ព័ន្ធនឹងតំបន់កាស្មៀរ ក្នុងឆ្នាំ២០១៩។ ចាប់ពីពេលនោះមក ប៉ាគីស្ថានបានអះអាងថារាល់កិច្ចចរចាសន្តិភាពជាមួយឥណ្ឌា អាចធ្វើទៅបាន លុះត្រាតែការសម្រេចចិត្តរបស់លោក Modi ត្រូវបានសើរើឡើងវិញ។
លើសពីនេះទៅទៀត ការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ក៏អាចបង្កជាឧបសគ្គដល់ការផ្សះផ្សាគ្នារវាងឥណ្ឌា និងប៉ាគីស្ថានដែរ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក ហើយប៉ាគីស្ថានវិញដែលជាដៃគូខាងកិច្ចការសន្តិសុខរបស់វ៉ាស៊ីនតោន កាន់តែជិតដិតជាមួយចិន ដែលបានវិនិយោគរាប់ពាន់លានដុល្លារលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសប៉ាគីស្ថាន ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ៕