(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់ បានសាទរចំពោះការបញ្ចប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការទម្លាក់គ្រាប់បែកលើក្រុមហ៊ូទី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។
យោងតាមសេចក្តីរាយការណ៍ លោក ត្រាំ បានថ្លែងថា ការបញ្ឈប់ការវាយប្រហាររបស់អាមេរិកនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីរបស់យេម៉ែន បានយល់ព្រមបញ្ឈប់ការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗនៅមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានរាយការណ៍នេះ (ប្រសិនបើបញ្ជាក់ផ្លូវការ) វានឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសយេម៉ែន ដែលបានចាប់ផ្តើមប្រឆាំងនឹងក្រុមហ៊ូទី ចាប់តាំងពីពាក់កណ្តាលខែមីនាមក៕