(មូស្គូ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូហើយកាលពីថ្ងៃពុធ ទី៧ ខែឧសភា ក្រោមក្របខណ្ឌនៃការបំពេញដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងនោះរួមមានទាំងការចូលរួមក្នុងព្យុហយាត្រាទិវាជ័យជម្នះ និងបង្ហាញពីការគាំទ្រចំពោះលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានប្រកាសពីភាពជាដៃគូគ្មានព្រំដែន ប៉ុន្មានសប្ដាហ៍មុននឹងលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពី ពេលនោះមក ទំនាក់ទំនងយោធា និងពាណិជ្ជកម្មរវាងប្រទេសទាំង២ត្រូវបានពង្រីកបន្ថែមបង្កជាក្ដីកង្វល់ដល់លោកខាងលិច។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ កើតមានឡើងចំពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កំពុងឡើងកម្ដៅជុំវិញបញ្ហាពន្ធគយ និងខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមផ្សះផ្សាជាមួយ លោក ពូទីន ក្នុងគោលដៅសម្របសម្រួលបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
នៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែតរុស្ស៉ី Rossiyskaya Gazeta កាលពីថ្ងៃពុធ លោក ស៊ី ជីនពីង បានកោតសរសើរចំពោះភាពធន់នៃទំនាក់ទំនងរវាងចិន និងរុស្ស៉ី ហើយបានប្រាប់ឱ្យបណ្ដាប្រទេសដទៃកុំលូកលាន់ចូល ឬព្យាយាមបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំង២។
គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង លោក ស៊ី ជីនពីង និងលោក ពូទីន គ្រោងនឹងពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន រួមទាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី នៅក្នុងជំនួបទល់មុខ៕