(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ មួយសប្ដាហ៍ក្រោយមេដឹកនាំ លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្តប្រព័ន្ធអាវុធថ្មីមួយសម្រាប់បំពាក់លើនាវាចម្បាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អគ្គសេនាធិការយោធាកូរ៉េខាងត្បូង បាននិយាយថាយោធារបស់ខ្លួនបានចាប់សញ្ញាថាមានការធ្វើតេស្ដអាវុធជាច្រើនគ្រាប់ ដែលទំនងជាមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី។ មីស៊ីលទាំងនេះ ត្រូវបានបាញ់តេស្ដចេញពីទីក្រុង Wonsan របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើតនៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) វេលាម៉ោងប្រហែល៨៖១០នាទីព្រឹក។ ការធ្វើតេស្ដមីស៊ីលនេះទៀតសោត គឺជាការធ្វើតេស្តមីស៊ីលជាលើកដំបូងបំផុតរបស់កូរ៉េខាងជើងចាប់តាំងពីខែមីនាមក និងកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យ និងដឹកនាំការធ្វើតេស្ដបាញ់ប្រព័ន្ធអាវុធថ្មីសម្រាប់បំពាក់លើនាវាចម្បាំង។
គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ ខណៈថ្កោលទោសសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជុំវិញការធ្វើសមយុទ្ធយោធា រួមគ្នាដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាសកម្មភាពត្រៀមឈ្លានពានលើប្រទេសរបស់ខ្លួន៕