(ញូដែលី)៖ កងទ័ពឥណ្ឌា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភាថា ទាហានរបស់ខ្លួន និងទាហានប៉ាគីស្ថាន បានបាញ់បោះដាក់គ្នាដោយអាវុធ​ធុន​តូច និង​កាំភ្លើង​ធំ​ពេញ​ពេញមួយ​យប់ នៅ​តាម​បណ្តោយ​ព្រំដែនមានជម្លោះ​នៃតំបន់ Kashmir។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឥណ្ឌាថា ការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃពុធ បានបំផ្លាញជំរំរបស់ក្រុមរភេរវករចំនួន ៩នៅប៉ាគីស្ថាន។ នៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិថា ទីក្រុងអ៉ីស្លាម៉ាបាដ នឹងសងសឹកឱ្យអ្នកដែលត្រូវបានឥណ្ឌាសម្លាប់។ រហូតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ៤៣នាក់ ត្រូវបានរាយការណ៍ពីភាគីទាំងពីរ នៅព្រំដែនរួមគ្នា នៅក្នុងការបាញ់បោះកាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា អ្នកជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានចាប់ផ្តើមការវាយប្រហារដាក់គ្នា ពីរសប្តាហ៍បន្ទាប់ពីទីក្រុងញូវដែលី ស្តីបន្ទោសទីក្រុងអ៉ីស្លាម៉ាបាដ សម្រាប់ការវាយប្រហារលើភ្ញៀវទេសចរនៅតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង ដែលជាការចោទប្រកាន់ត្រូវបានប៉ាគីស្ថានបដិសេធ៕