(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃពុធសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ នៅក្នុងពិធីមួយ ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥។
កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៉ី-វ៉េណេស៊ុយអេឡា នឹងលើកកម្ពស់គំនិតផ្តួចផ្តើមរួមគ្នា នៅក្នុងអង្គការ OPEC+ វេទិកាប្រទេសនាំចេញឧស្ម័ន និងអង្គការផ្សេងទៀតក្នុងវិស័យថាមពល។ តាមខ្លឹមសារនៃកិច្ចព្រមព្រៀង «ភាគីទាំងពីរនឹងលើកកម្ពស់ការអភិវឌ្ឍរយៈពេលវែង ប្រកបដោយតុល្យភាព និងស្ថិរភាពនៃទីផ្សារថាមពលពិភពលោក ដោយមិនប្រើវិធីសាស្រ្តប្រកួតប្រជែងដែលគ្មានតម្លាភាព»។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រនេះថាជា «ឯកសារក្របខ័ណ្ឌដែលមានទម្ងន់ និងសារៈសំខាន់ខ្លាំង»។
គួរបញ្ជាក់ថា សង្រ្គាមជាង ៣ឆ្នាំរបស់រុស្ស៉ីនៅអ៊ុយក្រែន បាននាំមកនូវការបែកបាក់ទំនាក់ទំនង រវាងទីក្រុងមូស្គូជាមួយប្រទេសលោកខាងលិចភាគច្រើន ហើយជំរុញឱ្យទីក្រុងមូស្គូ ងាកទៅពង្រឹងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត ដែលមានបំណងប្រឆាំងនឹងអ្វីដែលវិមានក្រឹមឡាំងហៅថា «សមូហភាពលោកខាងលិច» រួមទាំងសហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ ២០២២ រុស្ស៉ី បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយចិន កូរ៉េខាងជើង និងអ៉ីរ៉ង់។ ចំណែក វ៉េណេស៊ុយអេឡា ក៏មានទំនាក់ទំនងមិនសូវល្អស្រាប់ជាមួយអាមេរិក ដោយសារតែការបែកបាក់ក្នុងទំនាក់ទំនងការទូត ការដាក់ទណ្ឌកម្ម និងការចោទប្រកាន់ទាក់ទងនឹងឧក្រិដ្ឋកម្ម ក៏ដូចជាផែនការធ្វើរដ្ឋប្រហារជាដើម៕