(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៧ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ឥណ្ឌានិងប៉ាគីស្ថាន ដែលជាដៃគូនិងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន ហាក់បានស៉ីសងគ្នារួចរាល់ហើយ ដូច្នេះរូបលោកសង្ឃឹមថា ប្រទេសទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា អាចបិទបញ្ចប់ការបង្កើនភាពតានតឹង នៅត្រឹមនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បាននិយាយនៅសេតវិមានថា ប្រទេសទាំងពីរ បានសងសឹកគ្នារួចហើយ ដូច្នេះសង្ឃឹមថា ពួកគេអាចបញ្ចប់ត្រឹមនេះ ហើយលោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកស្គាល់ភាគីទាំងពីរច្បាស់ណាស់ និងចង់ឃើញពួកគេនិយាយគ្នា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី»។ លោក ត្រាំ បានបញ្ជាក់ថា ប្រសិនបើមានអ្វីដែលលោកអាចជួយបាន លោកនឹងជួយ ខណៈលោកបានចាត់ទុកការកើនឡើងភាពតានតឹងនេះថា ជារឿងគួរឱ្យសោកស្តាយ។
កាលពីថ្ងៃពុធា ឥណ្ឌាទីបំផុតបានវាយប្រហារមីស៉ីល ចូលក្នុងទឹកដីរបស់ប៉ាគីស្ថាន ហើយបានផ្តាច់ជីវិតមនុស្សជាង៣០នាក់ ខណៈប៉ាគីស្ថានអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាប៉ុន្មានគ្រឿង ហើយបានប្តេជ្ញាថា នឹងឆ្លើយតបទៅវិញ។ ទីក្រុងញូវដែលី បាននិយាយថា ខ្លួនបានវាយប្រហារលើទីតាំងក្រុមភេរវករ ដែលជាប់ពាក់ព័ន្ធក្នុងករណីបាញ់រះដ៏ប្រល័យកាលពីថ្ងៃទី២២ ខែមេសា ដោយក្រុមសកម្មប្រយុទ្ធ ដែលបានសម្លាប់មនុស្ស២៦នាក់ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា។ ឥណ្ឌាបានចោទប៉ាគីស្ថានថា មានជាប់ពាក់ព័ន្ធ ខណៈទីក្រុងអ៉ីស្លាម៉ាបាដ បានបដិសេធ និងអំពាវនាវឱ្យមានការស៉ើបអង្កេតអព្យាក្រឹត។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាដៃគូដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៉ីនតោន ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិន ខណៈប៉ាគីស្ថាននៅតែបន្តជាសម្ព័ន្ធមិត្តមួយដដែល បើទោះបីជាបានថយចុះសារសំខាន់ ក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២១ ក៏ដោយ៕